ភ្នំពេញ ៖ ស្ត្រីជាជនដៃដល់ម្នាក់បានទាញកាំបិតបុ័ងតោដេញកាប់ប្រហារទៅលើនារីរងគ្រោះម្នាក់ទៀតបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈកម្លាំងសមត្ថកិច្ចចុះមកឃាត់ខ្លួននារីជាជនដៃយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០ នាទីយប់ថ្ងៃទី ៩ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបានដើររុញរទេះជូនក្មេងដើរលេងបន្ទាប់មកស្រាប់តែគេឃើញស្រ្តីជាជនដៃដល់បានទាញកាំបិតបុ័ងតោរត់ទៅកាប់ប្រហារលើនារីរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសឈាមពេញខ្លួនរួចក៏ប្រតាយប្រតប់គ្នាផ្អើលដល់អ្នកក្បែរខាង រត់មកជួយហើយដឹកនារីរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯស្រ្តីជនដៃដល់រត់ឡើងទៅសំងំក្នុងបន្ទប់ ។
តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងទៀតថា ករណីនេះដោយសារតែស្ត្រីជាជនដៃដល់ប្រច័ណ្ឌនារីរងគ្រោះ ខណៈនារីរងរងគ្រោះបានជួលបន្ទប់ស្នាក់នៅ ក្បែរនិងបន្ទប់ប្ដីរបស់ខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនស្ត្រីជាជនដៃដល់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ










