កណ្ដាល៖ ម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាល៦នាក់ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩:៣០នាទី យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩-២០ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាក Honda Dream C125 ម្នាក់ បានបើកបរបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលបើកបរក្នុងទិសផ្ទុយគ្នា និងគ្មានភ្លើងបំភ្លឺពេលយប់។
ហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ១នាក់ ខណៈមនុស្សជិះរួមដំណើរ ៥នាក់ទៀត រងរបួសស្រាល។ ចំពោះអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុចម្បងបណ្តាលមកពីការបើកបរផ្ទុយទិស ក្នុងល្បឿនលឿន និងការខ្វះការប្រុងប្រយ័ត្ន រួមទាំងម៉ូតូសណ្តោងរ៉ឺម៉កគ្មានភ្លើងបំភ្លឺពេលយប់។
បច្ចុប្បន្ន មធ្យោបាយទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ជ្រោយពេជ្រ










