ក្រសួងទេសចរណ៍កម្ពុជា និងសាលាទេសចរណ៍វៀតណាមសហការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យបានឈានមុខគេ និងកម្រិតអន្តរជាតិ

ចែករំលែក៖

ទីក្រុង​ហាណូយ​៖​ ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

រដ្ឋធានីហាណូយ​ និងដោយទទួលបានគោលការណ៍អនុញ្ញាត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦​ បានអញ្ជើញចូលរួមក្នុងទស្សនកិច្ចសាលាទេសចរណ៍ហាណូយ ដើម្បីដកស្រង់បទពិសោធ និងការបង្កើតកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងវៀតណាម។

ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានពិភាក្សាការងារ​ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Bùi Tất Hiếu សាកលវិទ្យាធិការស្តីទីនៃសាលាទេសចរណ៍ហាណូយ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យទេសចរណ៍ហាណូយ ជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU) នាពេលខាងមុខ។ 

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនេះ​ លោក​រដ្ឋមន្ត្រី បានអញ្ជើញទស្សនាកន្លែងអនុវត្តជាក់ស្តែងរបស់និស្សិតដែលកំពុងសិក្សានៅសាលា ជាពិសេសសាលបណ្តុះបណ្តាលអនុវត្តក្នុងការរៀបចំ និងចម្អិនម្ហូបអាហារ ដែលបង្ហាញពីសមត្ថភាពបណ្តុះបណ្តាលជាក់ស្តែងក្នុងវិស័យបដិសណ្ឋារកិច្ច។

ជាមួយគ្នានេះ​ ភាគីខាងសាលាទេសចរណ៍ហាណូយ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងផ្តល់គ្រូឧទ្ទេស និងអ្នកជំនាញចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានានៅកម្ពុជា ព្រមទាំងមានការពិភាក្សាលើការរៀបចំកម្មវិធីស្រាវជ្រាវរួម និងការផ្លាស់ប្តូរសិស្ស-និស្សិតទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងយន្តការសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងជាក់ស្តែង ដោយចាត់តាំងក្រុមការងារបច្ចេកទេសរៀងៗ ខ្លួន ដើម្បីរៀបចំផែនការសកម្មភាពអនុវត្ត និងព្រាងខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខានាពេលខាងមុខ​។ ភាគីទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងការបង្កើនភាពប្រកួតប្រជែងក្នុងតំបន់។

...

សូមជម្រាបជូនថា សាលាទេសចរណ៍ហាណូយ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលទេសចរណ៍ដំបូងបង្អស់នៅវៀតណាម ដែលបានបើកដំណើរការនៅឆ្នាំ១៩៧២ ដោយផ្តល់ការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍សំខាន់ៗ ចំនួន ៩ និងមាននិស្សិតចូលសិក្សាប្រមាណ ២,០០០ នាក់ក្នុងមួយឆ្នាំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print