ភ្នំពេញ ៖ កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌនឹងការិយាល័យជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងកងកម្លាំងកងរាជអាវុធហត្ថសហការចូលរួមលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ បន្តពិនិត្យទំនិញបង្កកទាំងអស់ នៅទីតាំងឃ្លាំងដ៏ធំមួយ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដ៏ធំមួយ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា ផលិតផលសាច់បង្កកមួយចំនួនធំត្រូវបាននាំចូលពីប្រទេសថៃ។
បន្ទាប់ពីចុះពិនិត្យឆែកឆេរឃ្លាំងបង្កកទំនិញនាំចូលទាំង២ទីតាំង នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រួចមក, លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយលោកស្រី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញក.ប.ប បានបន្តចុះពិនិត្យនៅទីតាំងឃ្លាំងទំនិញបង្កកISR (ចែទូច) ដែលជាឃ្លាំងនាំចូលទំនិញពីក្រៅប្រទេសមួយកន្លែងទៀតដ៏ធំ ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយមានការសហការចូលរួមពីម្ចាស់ទីតាំងឃ្លាំង និងបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ជាក់ស្ដែងពីមន្ដ្រីជំនាញ ពាក់ព័ន្ធរួចមក ឃើញថា ឃ្លាំងខាងលើមិនមានទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃឡើយ។
បើតាមការបញ្ជាក់ពីលោក អភិបាល បានឲ្យដឹងថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាទីតាំងស្តុកសាច់បង្កកក្នុងទ្រង់ទ្រាយធំ ដោយមានបរិមាណទំនិញរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ។ បន្ទាប់ពីរក្សាទុក និងរៀបចំរួច សាច់បង្កកទាំងនេះត្រូវបានបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ៕ជ្រោយពេជ្រ










