អន្តរជាតិ៖ តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានកើនឡើងជាង 2 ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី អ៊ីរ៉ង់ បានប្រកាសបិទ Strait of Hormuz ដែលជាច្រកដឹកជញ្ជូនថាមពលដ៏សំខាន់មួយរបស់ពិភពលោក ក្រោយពី សហរដ្ឋអាមេរិក បានបើកការវាយប្រហារបន្ថែមលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់។
តម្លៃប្រេងឆៅស្តង់ដារ Brent បានកើនឡើង 2.30 ដុល្លារ ឬ 2.47% ដល់ 95.40 ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក WTI (West Texas Intermediate) បានកើនឡើង 2.60 ដុល្លារ ឬ 2.89% ដល់ 92.63 ដុល្លារក្នុងមួយបារ៉ែល។ នៅពេលមួយក្នុងវគ្គជួញដូរ តម្លៃប្រេងអាមេរិកបានកើនឡើងលើសពី 3 ដុល្លារក្នុងមួយបារ៉ែលផងដែរ។
បញ្ជាការដ្ឋានយោធារួមកំពូលរបស់អ៊ីរ៉ង់បានប្រកាសថា ច្រកសមុទ្រ Hormuz ត្រូវបានបិទទាំងស្រុងសម្រាប់នាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដោយព្រមានថា នាវាណាមួយដែលព្យាយាមឆ្លងកាត់នឹងត្រូវបានបាញ់ប្រហារ។
ទោះជាយ៉ាងណា យោធាអាមេរិកបានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃពុធថា នាវាពាណិជ្ជកម្មនៅតែបន្តធ្វើដំណើរចេញចូលតាមច្រកសមុទ្រនេះជាធម្មតា។
យោធាអាមេរិកក៏បានបញ្ជាក់ថា មិនមាននាវាចម្បាំងអាមេរិកណាមួយរងការវាយប្រហារនៅក្នុងតំបន់ច្រកសមុទ្រ Hormuz នោះទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា នាវាអាមេរិកនៅក្បែរតំបន់នោះ ត្រូវបានវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន។
យោងតាមសេចក្តីរាយការណ៍ កងកម្លាំងអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារបន្ថែមលើគោលដៅជាច្រើនក្នុងប្រទេសអ៊ីរ៉ង់នៅវេលាម៉ោង 5:15 ល្ងាច ម៉ោងភាគខាងកើតសហរដ្ឋអាមេរិក។ នេះជាការវិវត្តចុងក្រោយនៃការវាយប្រហារទៅវិញទៅមក ដែលកំពុងបង្កើនការព្រួយបារម្ភអំពីការផ្ទុះឡើងវិញនៃសង្គ្រាមទ្រង់ទ្រាយធំ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយមួយកាលពីដើមខែមេសា។
ការរាំងស្ទះច្រកសមុទ្រ Hormuz អស់រយៈពេលជាច្រើនខែរបស់អ៊ីរ៉ង់ បានរក្សាឱ្យតម្លៃប្រេងនៅកម្រិតខ្ពស់ ដោយសារច្រកសមុទ្រនេះជាផ្លូវដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃការនាំចេញប្រេង និងឧស្ម័នសរុបរបស់ពិភពលោក។
ជាមួយគ្នានេះ រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 7.2 លានបារ៉ែល មកនៅត្រឹម 426.5 លានបារ៉ែល ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី 5 ខែមិថុនា ដែលច្រើនជាងការរំពឹងទុករបស់អ្នកវិភាគ ដែលបានព្យាករថានឹងធ្លាក់ចុះប្រហែល 4 លានបារ៉ែល។
របាយការណ៍ក៏បានបង្ហាញថា ស្តុកប្រេងសរុបរបស់អាមេរិក រួមទាំងទុនបម្រុងយុទ្ធសាស្ត្រ បានធ្លាក់ចុះ 79 លានបារ៉ែល ចាប់តាំងពីសង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិកបានចាប់ផ្តើមកាលពីថ្ងៃទី 28 ខែកុម្ភៈ ខណៈប្រទេសផលិតប្រេងធំបំផុតរបស់ពិភពលោកមួយនេះ បានបង្កើនការផ្គត់ផ្គង់ដើម្បីបំពេញចន្លោះខ្វះខាត ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz៕










