សារព័ត៌មាន AFP បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា នាវិកឥណ្ឌា៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង បានរងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់។
ដោយសំដៅលើឧប្បត្តិហេតុ ដែលបានកើតឡើងកាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនផ្លូវសមុទ្រនិងកំពង់ផែនៃប្រទេសឥណ្ឌា លោក Sarbananda Sonowal បាននិយាយដូច្នេះថា «គួរឱ្យសោកស្តាយយ៉ាងជ្រាលជ្រៅ ដែលបានទទួលដំណឹងពីឧប្បត្តិហេតុគួរឱ្យខ្លោចផ្សា នៅលើកប៉ាល់ដោតទង់ជាតិប្រទេសដែនកោះ Palau ឈ្មោះ MT Settebello។ នាវិកឥណ្ឌា ៣នាក់ ដែលដំបូងឡើយត្រូវបានរាយការណ៍ថាបាត់ខ្លួន នាពេលនេះត្រូវបានបញ្ជាក់ថាស្លាប់ ក្រោយសាកសពពួកគេត្រូវបានរកឃើញ និងកំណត់អត្តសញ្ញាណ»។
នាវិក៣នាក់ខាងលើ ស្ថិតក្នុងចំណោមនាវិកសរុប២៤នាក់ នៅលើកប៉ាល់ MT Settebello ខណៈ២១នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។ រដ្ឋាភិបាលឥណ្ឌា បានថ្កោលទោស ការវាយប្រហារកប៉ាល់ខាងលើ និងបានកោះហៅភារធារីអាមេរិក ដើម្បីសម្តែងការតវ៉ា។
ពាក់ព័ន្ធឧប្បត្តិហេតុខាងលើ យោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើកប៉ាល់ដឹកប្រេងនោះ នៅឈូងសមុទ្រអូម៉ង់ ដើម្បីបញ្ឈប់ការធ្វើដំណើររបស់វា ស្របពេលកប៉ាល់នោះបានប៉ុនប៉ងដឹកប្រេងចេញពីប្រទេសអ៉ីរ៉ង់។ យោធាអាមេរិកបានអះអាងថា ក្រុមនាវិករបស់កប៉ាល់ មិនបានព្រមធ្វើតាមការណែនាំរបស់កងកម្លាំងអាមេរិក។
គួរបញ្ជាក់ថា ស្របពេលអ៉ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័ន ស្ថិតនៅចន្លោះឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងជាមួយអាមេរិកនិងអ៉ីស្រាអែល សហរដ្ឋអាមេរិក ក៏បានអនុវត្តការបិទខ្ទប់ដាច់ដោយឡែករបស់ខ្លួនផ្ទាល់ផងដែរ នៅឯតំបន់នោះចាប់តាំងពីខែមេសាមក។ ចំពោះមុខបទឈប់បាញ់ដ៏ផុយស្រួយ មកទល់ពេលនេះ អាមេរិកនិងអ៉ីរ៉ង់នៅតែមិនទាន់អាចទម្លុះភាពជាប់គាំង ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ហើយការវាយប្រហារដាក់គ្នា បានចាប់ផ្តើមកើតមានឡើងវិញ៕
រូបថត:vnexpress










