ភ្នំពេញ : សមត្ថកិច្ច និង អាជ្ញាធរ នាំម្ចាស់ឃ្លាំងម្នាក់នៅខណ្ឌមានជ័យ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយរកឃើញមានប្រហិតមួយកញ្ចប់ធំជាអក្សរថៃ និងទំនិញជាង ២០០កេសទៀត ត្រូវបានបកស្លាកសញ្ញាចេញ។
ការរកឃើញនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ពេលលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក និងបង្កកសាច់ចំនួន២ ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌមានជ័យ មានកិច្ចសហការជាមួយលោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
លោក សេង គន្ធ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យការអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធ សុវត្ថិភាពចំណីអាហារ ប្រភព និងគុណភាពផលិតផលសាច់ដែលកំពុងរក្សាទុកក្នុងឃ្លាំង ដើម្បីធានាការការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ក្រោយត្រួតពិនិត្យមន្រ្តីរកឃើញទំនិញមានការនាំចូលពីប្រទេសមួយចំនួនត្រឹមត្រូវ តែក្រុមការងារក៏បានរកឃើញប្រហិតមួយកញ្ចប់ធំ ដែលមានអក្សរថៃ សង្ស័យអាចនាំចូលពីថៃ ព្រមទាំងរកឃើញទំនិញជាង ២០០កេសទៀត ត្រូវបានបកស្លាកសញ្ញាចោល ដូច្នេះម្ចាស់ឃ្លាំង ត្រូវបានតំណាងអយ្យការសម្រេចឲ្យឃាត់ខ្លួន យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត។
សូមបញ្ជាក់ថា, ពីខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា! មើលទៅមន្រ្តីដែលគប់គិតចាប់ផ្តើមដេកអត់លក់ហើយ! ៕
ដោយ : សិលា










