មហាសេដ្ឋី និងគ្រួសារមហាសេដ្ឋីមានបំផុតទាំង ៥ របស់ជប៉ុន ឆ្នាំ ២០២៦

ចែករំលែក៖

មហាសេដ្ឋី និងគ្រួសារមហាសេដ្ឋីមានបំផុតទាំង ៥ របស់ជប៉ុនក្នុងឆ្នាំ ២០២៦ មានទ្រព្យសម្បត្តិសរុបរួមគ្នាប្រមាណ ១៨៧ ពាន់លានដុល្លារ ដោយទ្រព្យសម្បត្តិរបស់ពួកគេបានមកពីវិស័យជាច្រើន រួមមាន ហិរញ្ញវត្ថុ ម៉ូដសម្លៀកបំពាក់ ភេសជ្ជៈ និងបច្ចេកវិទ្យា។

១. Masayoshi Son – ៨០ ពាន់លានដុល្លារ

ស្ថាបនិកក្រុមហ៊ុន SoftBank Group លោក Masayoshi Son បានវិលត្រឡប់មកកាន់ចំណាត់ថ្នាក់លេខ ១ វិញ បន្ទាប់ពីអវត្តមានអស់រយៈពេល ៤ ឆ្នាំ។

ទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ៥១.៨ ពាន់លានដុល្លារ ឬ ១៨៤% ដល់ ៨០ ពាន់លានដុល្លារ ដែលជាកំណើនខ្ពស់បំផុតទាំងជាចំនួនទឹកប្រាក់ និងភាគរយ។

SoftBank បានរាយការណ៍ប្រាក់ចំណេញសុទ្ធកំណត់ត្រា ៥ ទ្រីលានយ៉េន (ប្រមាណ ៣១ ពាន់លានដុល្លារ) បន្ទាប់ពីការវិនិយោគទ្រង់ទ្រាយធំក្នុង OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT។

លោក Son វ័យ ៦៩ ឆ្នាំ បានបង្កើត SoftBank ក្នុងឆ្នាំ ១៩៨១ ហើយត្រូវបានគេស្គាល់ថាជាវិនិយោគិនបច្ចេកវិទ្យាដ៏ក្លាហាន ជាពិសេសតាមរយៈការវិនិយោគ ២០ លានដុល្លារក្នុង Alibaba កាលពីឆ្នាំ ២០០០ ដែលបានផ្តល់ផលចំណេញយ៉ាងច្រើននៅពេលក្រោយ។

២. Tadashi Yanai និងគ្រួសារ – ៦៥ ពាន់លានដុល្លារ

ស្ថាបនិកម៉ាកសម្លៀកបំពាក់ Uniqlo លោក Tadashi Yanai ឈរនៅលេខ ២ បើទោះបីជាទ្រព្យសម្បត្តិរបស់លោកកើនឡើងជាងមួយភាគបី ដល់ ៦៥ ពាន់លានដុល្លារក៏ដោយ។

លោក Yanai វ័យ ៧៧ ឆ្នាំ បានចូលរួមអាជីវកម្មសម្លៀកបំពាក់របស់គ្រួសារនៅឆ្នាំ ១៩៧២ ហើយបានបើកហាង Unique Clothing Warehouse ដំបូងនៅទីក្រុង Hiroshima ក្នុងឆ្នាំ ១៩៨៤ ដែលក្រោយមកត្រូវបានប្ដូរឈ្មោះទៅជា Uniqlo។

បច្ចុប្បន្ន Uniqlo មានហាងជាង ២,៥០០ កន្លែងនៅទូទាំងពិភពលោក និងកំពុងពង្រីកខ្លួនយ៉ាងលឿននៅអឺរ៉ុប និងអាមេរិកខាងជើង។

៣. Takemitsu Takizaki – ២៣.៦ ពាន់លានដុល្លារ

ចំណាត់ថ្នាក់លេខ ៣ បានទៅលើលោក Takemitsu Takizaki ស្ថាបនិកក្រុមហ៊ុន Keyence ដែលមានទ្រព្យសម្បត្តិ ២៣.៦ ពាន់លានដុល្លារ កើនឡើង ២១% ពីឆ្នាំមុន។

Keyence ជាក្រុមហ៊ុនផលិតសិនស័រ និងគ្រឿងបន្លាស់អេឡិចត្រូនិកសម្រាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងរោងចក្រ។

លោក Takizaki វ័យ ៨១ ឆ្នាំ បានលាលែងពីតំណែងប្រធានក្រុមហ៊ុនក្នុងឆ្នាំ ២០១៥ ប៉ុន្តែនៅតែជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានកិត្តិយស។

៤. Nobutada Saji និងគ្រួសារ – ៩.៣ ពាន់លានដុល្លារ

លោក Nobutada Saji ប្រធានក្រុមហ៊ុន Suntory ជាប់ចំណាត់ថ្នាក់លេខ ៤ ជាមួយទ្រព្យសម្បត្តិសរុប ៩.៣ ពាន់លានដុល្លារ។

ក្រុមហ៊ុន Suntory គឺជាម្ចាស់ម៉ាកល្បីៗជាច្រើន រួមមាន Suntory Whisky, Jim Beam និង Maker’s Mark។

លោក Saji គឺជាចៅប្រុសរបស់ Shinjiro Torii ដែលបានបង្កើតក្រុមហ៊ុននៅទីក្រុង Osaka ក្នុងឆ្នាំ ១៨៩៩។

ក្រោមការដឹកនាំរបស់លោក Suntory បានក្លាយជាក្រុមហ៊ុនភេសជ្ជៈអន្តរជាតិដ៏ធំមួយ ជាពិសេសបន្ទាប់ពីទិញក្រុមហ៊ុន Beam របស់អាមេរិកក្នុងតម្លៃ ១៦ ពាន់លានដុល្លារ នៅឆ្នាំ ២០១៤។

៥. គ្រួសារ Sekiya Family – ៩.១ ពាន់លានដុល្លារ

គ្រួសារ Sekiya បានឡើង ៣ ចំណាត់ថ្នាក់មកឈរនៅលេខ ៥ បន្ទាប់ពីទ្រព្យសម្បត្តិកើនឡើង ៤.១ ពាន់លានដុល្លារ ដល់ ៩.១ ពាន់លានដុល្លារ។

កំណើននេះត្រូវបានជំរុញដោយភាគហ៊ុនរបស់ក្រុមហ៊ុន Disco ដែលបានកើនឡើងជាងទ្វេដង ដោយសារតម្រូវការផលិតផលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI កើនឡើងខ្លាំង។

ក្រុមហ៊ុន Disco ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៧ ដោយ Mitsuo Sekiya នៅខេត្ត Hiroshima Prefecture ហើយបច្ចុប្បន្នដឹកនាំដោយ Kazuma Sekiya ដែលជាចៅប្រុសរបស់ស្ថាបនិក។

...

Disco មានជំនាញផលិតឧបករណ៍កាត់បន្ទះសេមីកុងឌ័រ (Semiconductor) ជាបំណែកតូចៗ សម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកទំនើបផ្សេងៗ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print