មេធំ Facebook ទទួលស្គាល់ថា បានធ្វើកំហុសក្នុងការផ្លាស់ប្តូរកម្លាំងការងារទៅកាន់ AI

ចែករំលែក៖

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានទទួលស្គាល់ថា ក្រុមហ៊ុនបានធ្វើកំហុសមួយចំនួនក្នុងដំណើរការកែទម្រង់កម្លាំងការងារ ដើម្បីផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមលិខិតផ្ទៃក្នុងមួយដែលត្រូវបានសារព័ត៌មាន Reuters ទទួលបាន។

លោក Zuckerberg កំពុងវិនិយោគទឹកប្រាក់រាប់រយពាន់លានដុល្លារទៅក្នុងវិស័យ AI ដើម្បីកែប្រែរបៀបដំណើរការផ្ទៃក្នុងរបស់ Meta ឱ្យផ្អែកលើបច្ចេកវិទ្យានេះកាន់តែខ្លាំង។ ការផ្លាស់ប្តូរនេះក៏ស្របទៅនឹងនិន្នាការរបស់ក្រុមហ៊ុនធំៗជាច្រើននៅសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។

នៅក្នុងលិខិតនោះ Zuckerberg បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ AI និងបញ្ហាប្រឈមដែលកើតឡើងពីការរីកសាយភាយនៃបច្ចេកវិទ្យានេះ។

លោកបានសរសេរថា៖ «ដោយសារតែភាពស្មុគស្មាញនៃការផ្លាស់ប្តូរទាំងនេះ យើងបានធ្វើកំហុស ហើយប្រាកដជានឹងមានកំហុសបន្ថែមទៀតនាពេលអនាគត»។

ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា Meta កំពុងព្យាយាមរក្សាស្ថិរភាពឱ្យបានច្រើនបំផុតក្នុងការរៀបចំរចនាសម្ព័ន្ធអង្គភាពការងាររបស់ក្រុមហ៊ុន។

លោកក៏បានអះអាងថា Meta មិនមានផែនការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំទូទាំងក្រុមហ៊ុនបន្ថែមទៀតនៅក្នុងឆ្នាំនេះឡើយ។

កាលពីខែឧសភា Meta បានអនុវត្តការកែទម្រង់ដ៏ធំមួយ ដោយកាត់បន្ថយបុគ្គលិកប្រមាណ ១០% នៅទូទាំងពិភពលោក និងផ្ទេរបុគ្គលិកជាង ៧.០០០ នាក់ទៅកាន់គម្រោងថ្មីៗដែលពាក់ព័ន្ធនឹងការងារផ្អែកលើ AI។

Zuckerberg បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងព្យាយាមស្វែងរកតួនាទីថ្មីសម្រាប់បុគ្គលិកដែលត្រូវបានផ្ទេរទៅបណ្តុះបណ្តាល និងអភិវឌ្ឍម៉ូឌែល AI។

លោកបាននិយាយថា៖ «ការបង្កើតតួនាទីថ្មីៗសម្រាប់បុគ្គលិក ក៏បានអនុញ្ញាតឱ្យយើងកាត់បន្ថយទំហំក្រុមការងារមួយចំនួនផងដែរ ដោយដឹងថា ប្រសិនបើយើងធ្វើខុសនៅកន្លែងណាមួយ យើងអាចផ្ទេរបុគ្គលិកខ្លះត្រឡប់ទៅតួនាទីមុនវិញបាន»។

របាយការណ៍មួយបានបង្ហាញថា អង្គភាពថ្មី Applied AI Engineering របស់ Meta មានរចនាសម្ព័ន្ធគ្រប់គ្រងស្តើង ដោយមានសមាមាត្របុគ្គលិកធ្វើការផ្ទាល់រហូតដល់ ៥០ នាក់ ចំពោះអ្នកគ្រប់គ្រងម្នាក់។

ទន្ទឹមនឹងនេះ Meta ក៏បានបង្កើនការព្យាករណ៍ចំណាយដើមទុនប្រចាំឆ្នាំរបស់ខ្លួនផងដែរ។ កាលពីខែមេសា ក្រុមហ៊ុនបានប្រកាសថា នឹងចំណាយចន្លោះពី ១២៥ ពាន់លានដុល្លារ ទៅ ១៤៥ ពាន់លានដុល្លារ សម្រាប់ការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹង AI។

...

ការលើកឡើងរបស់ Zuckerberg បង្ហាញថា ទោះបីជា AI កំពុងក្លាយជាយុទ្ធសាស្ត្រស្នូលរបស់ Meta ក៏ដោយ ក្រុមហ៊ុននៅតែប្រឈមមុខនឹងបញ្ហាប្រឈម និងកំហុសមួយចំនួនក្នុងដំណើរការផ្លាស់ប្តូរដ៏ធំនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print