សេដ្ឋកិច្ច៖ របាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារៀតណាម នៅតែបន្តភាពល្អប្រសើរ ដោយក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះផលិតផលសំខាន់ៗរបស់កម្ពុជា ភាគច្រើននាំចេញទៅវៀតណាម គឺកសិផល។
របាយការណ៍ដដែល បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ ខែឧសភា ២០២៦ កម្ពុជានាំចេញទៅវៀតណាមមានតម្លៃ ២,៣២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ផលិតផលសំខាន់ៗរបស់កម្ពុជា នាំចេញទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក និងស្វាយ ជាដើម។
ចំណែក វៀតណាមនាំចូលមកវិញមានតម្លៃ ១,៧៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១% ហើយ ផលិតផលសំខាន់ៗដែលវៀតណាមនាំចូលមកវិញ រួមមាន សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
ដោយឡែកសហគ្រាសកែច្នែគ្រាប់ស្វាយចន្ទីមួយនៅកម្ពុជា ក៏បានបញ្ជាក់ថា ប្រទេសវៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់គ្រាប់ស្វាយចន្ទីសើមរបស់កម្ពុជា ដោយគ្រាន់តែ ៤ខែដើមឆ្នាំ ២០២៦ វៀតណាមបានស្រូបយកស្វាយចន្ទីកម្ពុជាជាង ៨០ម៉ឺនតោន ដែលគិតជាប្រាក់ជាង ១ ៤០០ លានដុល្លារអាមេរិក ដែលចំនួនជិតស្មើនឹងរយៈពេលពេញមួយឆ្នាំនៃការនាំចេញស្វាយចន្ទីកាលពីឆ្នាំ២០២៥។ជាមួយគ្នានេះ លោកមើលឃើញថា សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក មានការកើនច្រើន ដែលនឹងជួយបង្កើតតម្លៃបន្ថែមលើផលិតផលស្វាយចន្ទីនៅកម្ពុជា។
ជាមួយគ្នានេះយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ ៧,៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារអាមេរិក កើនឡើង ០,៨២% និង វៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២,៥៣%៕ដោយ៖តារា










