ប្រទេសជប៉ុន៖ អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា លោកស្រី Kyoko Hirose បានបង្ហាញឆន្ទៈក្នុងការបន្តដើរតួជាស្ពានសេដ្ឋកិច្ច ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានពីសក្តានុពលជាក់ស្តែងរបស់កម្ពុជា ទៅកាន់បណ្តាញក្រុមហ៊ុនសមាជិកទាំងអស់របស់ OCCI សំដៅជំរុញការផ្លាស់ប្តូរលំហូរទុនវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ Kansai និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ជាងមុន។
ការគូសបញ្ជាក់របស់លោកស្រីអនុប្រធានរូបនេះ បានធ្វើឡើងជំនួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅប្រទេសជប៉ុន នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ។
តាមប្រភពព័ត៌មានពីបណ្តាញសង្គមផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្នុងជំនួបនោះលោកស្រីបានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសក្តានុពលនានារបស់កម្ពុជានាពេលបច្ចុប្បន្ន។
គួរជម្រាបជូនថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាការងារយ៉ាងស៊ីជម្រៅ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ទៅលើការបង្កើតទំនុកចិត្តជាយុទ្ធសាស្ត្រ និងបានគូសរំលេចពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលរួមមាន៖ ស្ថិរភាពនយោបាយពេញលេញ ម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់ កម្លាំងពលកម្មវ័យក្មេងប្រកបដោយសក្តានុពល និងការបើកចំហកញ្ចប់លើកទឹកចិត្តប្រកបដោយភាពបត់បែន និងទាក់ទាញបំផុត ក្រោមកិច្ចសម្របសម្រួលវិនិយោគនានាជាមួយច្បាប់ស្តីពីវិនិយោគថ្មី និងការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន-សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានបច្ចេកវិទ្យាខ្ពស់ជាសមាជិករបស់ OCCI ជាង ៣០,០០០ ក្រុមហ៊ុន ឱ្យងាកមកសិក្សាស្វែងយល់ និងចាប់យកឱកាសធុរកិច្ចនៅកម្ពុជា ក្នុងនាមជាគោលដៅយុទ្ធសាស្ត្រដ៏មានសក្តានុពល ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ ឧស្សាហកម្មធុនធ្ងន់ គ្រឿងបង្គុំអេឡិចត្រូនិក និងបច្ចេកវិទ្យាបៃតង។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ជំនួបនេះមិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ស្អិតរមួត និងរឹងមាំក្រោមក្របខណ្ឌ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំហានដើរដ៏មានឥទ្ធិពល ក្នុងការបើកច្រកសេដ្ឋកិច្ចដោយផ្ទាល់រវាងស្ថាប័នរដ្ឋភិបាលកម្ពុជា ជាមួយវិស័យឯកជននៅទីក្រុងអូសាកា ដើម្បីនាំមកនូវផលប្រយោជន៍ និងការអភិវឌ្ឍន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិទាំងមូល៕ដោយ៖តារា










