ស្កុតឡែនយកឈ្នះហៃទី ១-០ រកបានជ័យជម្នះ World Cup លើកដំបូងក្នុងរយៈពេល ៣៦ ឆ្នាំ

ចែករំលែក៖

ក្រុមជម្រើសជាតិស្កុតឡែនបានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមជម្រើសជាតិ ហៃទី ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ ដើម្បីឡើងឈរកំពូលតារាងពូល C និងរកបានជ័យជម្នះក្នុងព្រឹត្តិការណ៍ FIFA World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០។

គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់ក្នុងការប្រកួតនេះ រកបានដោយខ្សែបម្រើ John McGinn នៅនាទីទី ២៨ បន្ទាប់ពីការស៊ុតរបស់គេបានប៉ះខ្សែការពារពីរដង មុននឹងហោះចូលសំណាញ់ទីរបស់ហៃទី។

មុនរកបានគ្រាប់បាល់នាំមុខ ស្កុតឡែនក៏មានឱកាសគ្រោះថ្នាក់មួយផងដែរ នៅពេលការស៊ុតរបស់ Scott McTominay បានទៅប៉ះបង្គោលទី។
ទោះបីជាទទួលបានជ័យជម្នះក៏ដោយ ក្រុមស្កុតឡែនបានជួបការលំបាកមិនតិចឡើយ ដោយសារល្បឿន និងការវាយបករហ័សរបស់កីឡាករហៃទី ដែលបានបង្កសម្ពាធជាច្រើនដងលើប្រព័ន្ធការពាររបស់ពួកគេ។

យ៉ាងណាមិញ ក្រុមមកពីតំបន់ការ៉ាប៊ីន ដែលបានវិលត្រឡប់មកកាន់ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៤ មិនអាចបញ្ចប់ឱកាសរបស់ខ្លួនឱ្យក្លាយជាគ្រាប់បាល់បានឡើយ។

លទ្ធផលនេះបានជួយឱ្យស្កុតឡែនឡើងឈរកំពូលតារាងពូល C បណ្ដោះអាសន្ន បន្ទាប់ពីក្រុម Morocco និង Brazil បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃសៅរ៍ដូចគ្នា។

សម្រាប់ការប្រកួតបន្ទាប់ ស្កុតឡែននឹងត្រូវជួបម៉ារ៉ុក នៅថ្ងៃទី ១៩ ខែមិថុនា ខណៈហៃទីនឹងមានភារកិច្ចដ៏លំបាកក្នុងការប្រកួតជាមួយប្រេស៊ីល ម្ចាស់ជើងឯកពិភពលោក ៥ សម័យ។

ជ័យជម្នះលើហៃទី គឺជាការចាប់ផ្តើមដ៏សំខាន់សម្រាប់ស្កុតឡែន ក្នុងក្តីសង្ឃឹមឆ្លងផុតវគ្គចែកពូល World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print