ខេត្តកំពត៖នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ នូវទំនិញដែលបានស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះ មានការចូលរួមសម្របសម្រួលពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត, អាជ្ញាធរក្រុងកំពត, សាខាគយនិងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត រួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះពិនិត្យជាក់ស្តែងផ្ទាល់លើទំនិញទាំងនោះ ព្រមទាំងបានធ្វើការណែនាំឱ្យត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពនាំចូល និងមធ្យោបាយនាំចូលតាមផ្លូវទឹក ឬផ្លូវគោក តាមច្រកណាឱ្យបានពិតប្រាកដ ជាពិសេសត្រូវពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់បំផុត ថាតើមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ដែរឬទេ។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ក្នុងករណីរកឃើញទំនិញណាដែលខុសច្បាប់ ឬទំនិញដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ត្រូវតែបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ៕
ដោយ៖សីហា សែនសុខ










