អ៉ីរ៉ង់ថា វាឆាប់ពេក ក្នុងការចុះហត្ថលេខានាថ្ងៃអាទិត្យនេះ លើកិច្ចព្រមព្រៀង គោល ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងគោល ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា នឹងត្រូវចុះហត្ថលេខានាថ្ងៃអាទិត្យនេះ បើទោះបីជាអ៉ីរ៉ង់ជាបានបដិសេធថា ការចុះហត្ថលេខានឹងមិនកើតឡើងឆាប់រហ័សខ្លាំងបែបនេះក៏ដោយ។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងបឋមស្តីពីសន្តិភាពជាមួយអ៉ីរ៉ង់ ត្រូវបានកំណត់ថានឹងចុះហត្ថលេខានៅថ្ងៃអាទិត្យ ទី១៤ ហើយច្រកសមុទ្រ Hormuz ដែលជាច្រកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងរបស់ពិភពលោក ហើយត្រូវបានអ៉ីរ៉ង់បិទខ្ទប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកនោះ នឹងបើកឡើងវិញទាំងស្រុង ក្រោយវាត្រូវបានចុះហត្ថលេខា។
កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកជួយសម្រុះសម្រួលរវាងអាមេរិកនិងអ៉ីរ៉ង់ ក៏បានលើកឡើងដែរថា ភាគីទាំងពីរ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងបឋមមួយ ហើយទីក្រុងអ៉ីស្លាម៉ាបាដកំពុងត្រៀមលក្ខណៈ សម្រាប់ការចុះហត្ថលេខាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ខណៈកិច្ចពិភាក្សាកម្រិតបច្ចេកទេស នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ដើម្បីជជែកលម្អិតអំពីរបៀបអនុវត្តកិច្ចព្រមព្រៀងនោះ។
ក៏ប៉ុន្តែក្នុងថ្ងៃដដែល ក្រោយការលើកឡើងរបស់លោក Sharif និងមុនការប្រកាសតាមបណ្តាញសង្គមរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានដាស់តឿនប្រឆាំងការលើកឡើងអំពីពេលវេលា នៃការចុះកិច្ចព្រមព្រៀង។ លោកបាននិយាយដូច្នេះថា «យើងនឹងត្រូវរង់ចាំហើយទន្ទឹងមើល ពាក់ព័ន្ធកាលបរិច្ឆេទច្បាស់លាស់នៃការចុះកិច្ចព្រមព្រៀងគោល ប៉ុន្តែវានឹងមិនកើតឡើងនៅថ្ងៃស្អែកទេ»។ លោក Baghaei បានបន្តទៀតថា «លទ្ធភាពដែលថាការចុះហត្ថលេខា អាចកើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ គឺមិនអាចច្រានចោលមែន ប៉ុន្តែដោយសារភាពស្ទាក់ស្ទើរពីភាគីម្ខាងទៀត ពួកយើងចាំបាច់ត្រូវប្រុងប្រយ័ត្ន ក្នុងការធ្វើអត្ថាធិប្បាយណាមួយអំពីដំណើរការនេះ»។
នេះមិនមែនជាលើកទីមួយទេ ដែលភាគីទាំងពីរ មើលទៅហាក់ដូចជាខិតជិតដល់កិច្ចព្រមព្រៀងគោលមួយ ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេជាផ្លូវការ បន្ទាប់ពីវាបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់។ សង្រ្គាមនេះធ្វើឱ្យតម្លៃថាមពលហក់ឡើងយ៉ាងគំហុកនៅទូទាំងពិភពលោក ហើយបានផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់ ភាគច្រើននៅក្នុងប្រទេសអ៉ីរ៉ង់ ព្រមទាំងនៅប្រទេសលីបង់ ជាទីដែលសង្រ្គាមនេះបានធ្វើឱ្យផ្ទុះឡើងវិញ នូវជម្លោះរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៉ីរ៉ង់៕

...

រូបថត​:TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print