ខេត្តបាត់ដំបង÷ សមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ ខណៈកំពុងធ្វើសកម្មភាពល្មើសនៅតំបន់ព្រំដែនស្រុកសំពៅលូន។
ប្រភពពត៌មានពីសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីម្សិលមិញ នៅត្រង់ចំណុច ភូមិសាស្ត្រក្រុមទី ០៧ ក្នុងភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិត ផលរ៉ា អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង រីឯបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងកំណត់សាវតាដើម្បីឃាត់ខ្លួនបន្ត។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពទាក់ទង និងនាំពលករឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែនជាទីកន្លែងដែលស្ថិត នៅឆ្ងាយពីគោលដៅការពាររបស់សមត្ថកិច្ចប្រចាំការ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចនគរបាលជំនាញបានកំពុងរៀបចំបញ្ជូនខ្លួនទៅកាន់ស្នងការនគរបាលខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ










