ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង ពិធីករ និងក្រុមរាំជាច្រើនបានចូលរួមកម្មវិធីបើកសម្ពោធនិងដាក់តាំងបង្ហាញផលិតផលថ្មីរបស់The Face Shop។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណផ្សារទំនើប Aeon Mall ជាន់ផ្ទាល់ដី។
The Face Shop ត្រូវបានគេស្គាល់ថា ជាផលិតផលគ្រឿងសម្អាងបែបធម្មជាតិដ៏ពេញនិយមនៅប្រទេសកូរ៉េ ហើយក៏ត្រូវបានសិល្បករ និងប្រជាពលរដ្ឋខ្មែរមួយចំនួននិយមប្រើប្រាស់ប្រចាំថ្ងៃ។ កម្មវីធីនេះត្រូវបានបើកជាមួយនឹងពិធីការិនីស្រស់សោភាគឺកញ្ញា ហិន ច័ន្ទនីរ័ត្ន ជាមួយនឹងការដើរបង្ហាញម៉ូដបង្ហាញពីផលិតផលថ្មីពីសំណាក់តារាបង្ហាញម៉ូដ ការបង្ហាញពីគុណភាព ប្រសិទ្ធភាព នៃផលិតផលថែសម្រស់ពីសំណាក់អ្នកជំនាញមកពីប្រទេសកូរ៉េ។ កម្មវិធីបន្ទាប់គឺការច្រៀងចម្រៀង និងលេងឧបករណ៍តន្ត្រីបែបAcoustic Songដោយក្រុមចម្រៀង Prema Band ការបង្ហាញពីវិធីផាត់មុខបែបនារីកូរ៉េចូលរួមពិធីជប់លៀង និងកម្មវិធីបង្ហាញក្បាច់រាំប្លែកៗជាដើម។
តារាសម្តែង ថន ស្រីណៃបានបញ្ជាក់ថា នាងពិតជាសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយនាងក៏ជាអតិថិជនប្រើប្រាស់ផលិតផលនេះជាយូរឆ្នាំមកហើយ ព្រោះតែតម្លៃសមរម្យ គុណភាពប្រសិទ្ធភាពដ៏ល្អរបស់ផលិតផលម៉ាកសញ្ញា ខាងលើ។ តារាស្រីរូបនេះបន្តថា នាងនិយមប្រើប្រើប្រាស់ប្រភេទសេរ៉ូមយិនស៊ីនដែលជួយបំបាត់ការជ្រីវជ្រួញលើស្បែកមុខ។ នាងបន្តដែរថា ផលិតផលនេះបែបធម្មជាតិដែលជួយមិនឲ្យស្បែកនាងស្ងួត។ នាងបញ្ជាក់ដែរថា តាមដែលនាងដឹងគឺមានសិល្បករជាច្រើននិយមប្រើប្រាស់ផលិតផលThe Face Shop ព្រោះតែផលិតផលនេះតម្រូវសម្រាប់ស្បែកប្រជាជននៅអាស៊ីផ្ទាល់ ហើយក៏ជាផលិតផលបែបធម្មជាតិមិនបង្កផលប៉ះពាល់សម្រាប់អ្នកប្រើប្រាស់នៅថ្ងៃក្រោយ។ នាងថា បច្ចុប្បន្នរូបសម្រស់ពិតជាសំខាន់ទាំងសម្រាប់បុរស និងស្ត្រី គ្រប់វ័យហើយក៏មិនមែនត្រឹមតែជាតារាទេដែលត្រូវថែរក្សា ការពារ ប៉ុន្តែផលិតផលដែលផលិតបែបធម្មជាតិគឺជារឿងសំខាន់ដែលមនុស្សបច្ចុប្បន្នចង់បាន។
កញ្ញា ភឿក ចំរើនប្រធានទីផ្សារHSC Cosmetic Co.,Ltd បានបញ្ជាក់ថា ការអញ្ជើញសិល្បករមកចូលរួមកម្មវិធីខាងលើនេះក៏ព្រោះតែពួកគាត់ក៏ជាអតិថិជនរបស់ផលិតផល The Face Shop ជាយូរឆ្នាំមកហើយ ហើយពេលនេះក្រុមហ៊ុនបានប្រកាសបើកសម្ពោធដាក់តាំងបង្ហាញផលិតផលថ្មី The Therapy First Serum ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងភាពចាស់ជ្រីវជ្រួញ ផ្តល់សំណើមបានខ្ពស់ និងធ្វើឲ្យស្បែកភ្លឺទន់រលោង។ កញ្ញាបន្តថា ផលិតផលនេះផលិតឡើងពីរូបមន្តធម្មជាតិ ហើយវាមានគុណភាពខ្ពស់តម្លៃសមរម្យ។ កញ្ញា បញ្ជាក់ដែរថា ផលិតផលម៉ាកសញ្ញា The Face Shop ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមានលក់នៅទីតាំងប្រមាណ១០ទាំងនៅភ្នំពេញ និងបណ្តាខេត្តមួយចំនួនផងដែរ៕
ដោយ៖ វឌ្ឍនា