ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ចាញ់ល្បិចបោកបញ្ឆោតរបស់ម៉ូយ បាត់អស់ម៉ូតូហុងដាឌ្រីមមួយគ្រឿង កាលពី៤ឆ្នាំមុន នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចបានដាក់ពាក្យបណ្តឹងផងដែរ ស្រាប់តែនៅ រសៀលថ្ងៃម្សិលមិញបានប្រទះឃើញម៉ូតូរបស់ខ្លួននៅតាមផ្លូវជាតិលេខ៣ ភូនិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានឃាត់នាំទាំងអ្នកបើកម៉ូតូប៉ុស្តិ៍នគរបាលដើម្បីសួរនាំ។
បើតាមសម្តីភាគីច្បាស់ដើម មានឈ្មោះ ពេជ្រ សារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យឆបោក ម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-0155 ជាម៉ូតូទិញបង់រំលោះ។ ចំណែកភាគីម្ចាស់ទី២ មានឈ្មោះ ហោ លីជីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះជួល ក្បែរផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិចេក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមការបំភ្លឺពីម្ចាស់ទី១ បានឱ្យដឹងថា កាលពី៤ឆ្នាំកន្លងទៅគាត់ បានឌុបជនសង្ស័យម្នាក់វ័យជាង៤០ឆ្នាំ ចេញពីផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដល់គោលដៅហើយ ជនសង្ស័យប្រើល្បិច ខ្ចីម៉ូតូទៅឌុបឳពុកក្បែរនោះមួយភ្លែត ហើយទៅបាត់រហូត ទើបដឹងថាចាញ់ល្បិចជនសង្ស័យ ហើយបានទៅប្តឹងសមត្ថកិច្ចឱ្យជួយ ស្រាវជ្រាវ អស់រយៈពេល៤ឆ្នាំកន្លងទៅហើយ ទើបនៅរសៀលម្សិលមិញ ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួន ត្រូវបានយុវជនម្នាក់កំពុងជិះ ក៏ឃាត់នាំយកទាំងម៉ូតូចូលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសួរនាំ ។
ចំណែកភាគីម្ចាស់ទី២វិញ បានឱ្យដឹងថា ម៉ូតូត្រូវបានឪពុក ឈ្មោះ ស៊ាន ហោលី បានទិញម៉ូតូនេះក្នុងតម្លៃ១៥២០ដុល្លារ ពីឈ្មោះហេង ឈាន ជាម្ចាស់ហាងយុីហោ ហាងលក់ម៉ូតូមួយទឹក ហេង ឈាន ខេត្តព្រៃវែង មានទីតាំងស្ថិតនៅភូមិលេខ៥ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ចំណែកកាតគ្រីគឺជាឈ្មោះ ពេជ្រ សារិទ្ធ ដែលជាម្ចាស់ដើមទី១ ។
ករណីខាងលើ ទោះជាមានការលើកឡើង និងអះអាងរៀងៗខ្លួនយ៉ាងណាក្តី ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ បានប្រគល់ករណីនេះឱ្យទៅប៉ុស្តិ៍នគរបាលគោកឃ្លាង ខណ្ឌសែនសុខ នាំយកទៅសាកសួរ និងស្រាវជ្រាវបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ










