ខេត្តបាត់ដំបង៖ ក្រុមអ្នកដើរឆក់ត្រីដោយប្រើឧបករណ៍ឆក់ក្តៅចំនួន ១៧២នាក់ ត្រូវបានកម្លាំងយោធា ឆ្មក់បង្ក្រាប ខណៈពួកគេកំពុងដើរឆក់ត្រីក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទលេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងដកហូតវត្ថុតាងឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង ដែលក្រុមជនល្មើសទម្លាក់ចោលក្នុងទឹកពេលរត់គេចពីកម្លាំងយោធានោះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធា បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ ដោយសារកម្លាំងយោធាមានគ្នាតិចពេក បានធ្វេីឱ្យក្រុមអ្នកឆក់ត្រីទាំងនោះ បាននាំគ្នាបុករត់គេចខ្លួនចំនួនពីរលើក ដោយលើកទី១ រត់អស់ ១២០នាក់ និងលើកទី២ រត់អស់ ១២នាក់ទៀត។ ដូច្នេះអ្នកឆក់ដែលនៅសល់មានតែ ៤០នាក់ប៉ុណ្ណោះ។
ប្រពភដដែល បានបន្តថា បច្ចុប្បន្នក្រុមអ្នកឆក់ត្រីទាំងនេះ ត្រូវបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។
នាឱកាសនោះដែរ មន្រ្តីយោធា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំនេសាទល្មើសច្បាប់ ព្រោះវាបំផ្លាញធនធានត្រី ៕ដោយ៖តារា










