ភ្នំពេញ៖ បុរសអ្នកលក់អីវា៉ន់ចាបហួយម្នាក់និងចេះផ្សារដែកផង បានទិញដែកយកមកតសំយាបផ្ទះដោយខ្លួនឯង ដោយមិនបានជួលជាងឲ្យមកធ្វើឲ្យនោះទេ ហើយក្រោយពេលធ្វើប៉ុន្មានថ្ងៃរួចមក គាត់ក៏ដំឡើងគ្រោងដែកដំបូលសំយាបនោះស្ទើរតែរួចរាល់ទៅហើយ ជាចុងក្រោយ ខណៈគាត់ឡើងទៅផ្សារដែកបន្តទៀតក៏ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ធ្លាក់ពីលើគ្រោងដំបូលកម្ពស់៣ម៉ែត្រផ្កាប់មុខលើឥដ្ឋការ៉ូសន្លប់បាត់មាត់បាត់ក ហើយពេលប្រពន្ធនិងអ្នកជិតខាងបញ្ជូនទៅសង្គ្រោះបន្ទាន់ ដល់មន្ទីរពេទ្យបានរយៈពេលប្រមាណ១៥នាទីប៉ុណ្ណោះគាត់ក៏បានស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខL4 ផ្លូវលេខ១ បុរីមង្គលពិត ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះហ៊ឹម ខ្នា អាយុ៣៤ឆ្នាំ មុខរបរលក់ចាប់ហួយ មានទីលំនៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្រុមគ្រួសារជនរងគ្រោះនិយាយថា បុរសខាងលើពុំមែនជាជាងដែកអាជីពអីនោះទេ ប៉ុន្តែគាត់ចេះផ្សារដែក ហើយបានទិញដែកមកតសំយាបផ្ទះដោយខ្លួនឯង ដោយមិនបានជួលជាងឲ្យមកធ្វើឲ្យនោះទេ ។ ប៉ុន្មានថ្ងៃមកនេះ គាត់បានដំឡើងគ្រោងដែកដំបូលនោះស្ទើរតែជិតរួចរាល់និងជិតបានប្រក់ដំបូលទៅហើយ គាត់បានយកប៉ុស្តិ៍ផ្សារទៅចងជាប់ជាមួយដែកគ្រោងដំបូលសំយាបដែលគាត់កំពុងដំឡើងនោះ ។
ក្រុមគ្រួសារអ្នកស្លាប់បន្តថា លុះដល់វេលាម៉ោងកើតហេតុខាងលើ ពេលឡើងផ្សារដែកបន្តទាំងកណ្ដាលថ្ងៃត្រង់ ខណៈនោះស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ធ្លាក់ពីលើគ្រោងដែកដំបូលនោះកម្ពស់ប្រមាណ៣ម៉ែត្រផ្កាប់មុខលើឥដ្ឋការ៉ូសន្លប់ស្ដូកស្ដឹងតែម្ដង ។ ពេលនោះប្រពន្ធគាត់បានស្រែកហៅឲ្យអ្នកជិតខាងជួយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ភ្លាមៗនោះអ្នកជិតខាងបាននាំគ្នាជួយលើកបុរសនេះដាក់លើម៉ូតូកង់បីដឹកយកទៅកាន់មណ្ឌលសុខភាពកំរៀង ។ ប៉ុន្តែពេលទៅដល់គ្រូពេទ្យនៅទីនោះប្រាប់ថា មិនមានលទ្ធភាពដែលអាចជួយសង្គ្រោះបាន ក៏ប្រាប់ឲ្យប្រញាប់ដឹកបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពខាងលើបានប្រាប់ទៀតថា លុះពេលទៅដល់ គ្រូពេទ្យមិនបានរារែកនោះទេ បាននាំយកបុរសនោះចូលកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ហើយរយៈពេល១៥នាទីក្រោយមក គ្រូពេទ្យបានប្រាប់ថា ខំជួយអស់ពីលទ្ធភាពហើយ ប៉ុន្តែមិនអាចជួយបាន ។ ជាអកុសលទីបំផុតបុរសនោះក៏បានស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយបំផុត។ បន្ទាប់មកប្រពន្ធគាត់និងអ្នកជិតខាងក៏បាននាំគ្នាដឹកសពត្រលប់ទៅផ្ទះវិញ រួចរាយការណ៍ជូនសមត្ថកិច្ចឱ្យបានដឹង។
ក្រោយពេលទទួលបានដំណឹងនេះភ្លាម នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានឃើញជនរងគ្រោះយកប៉ុស្តិ៍ផ្សារដែកទៅចងជាប់ជាមួយដែកគ្រោងដំបូលសំយាបដែលកំពុងដំឡើងនោះ ហើយនៅគល់ឌូយខ្សែប៉ុស្តិ៍ផ្សារដែលដោតជាមួយព្រីភ្លើងនោះបានដាច់រលាត់ លុះពេលត្រូវខ្យល់បក់បោកយោលយោកចុះឡើងៗ ធ្វើឲ្យគល់ឌូយដែលដាច់រលាត់នោះប៉ះជាមួយដែកគ្រោងដំបូលទើបឆ្លងចរន្តឆក់បុរសខាងលើ បណ្ដាលឲ្យធ្លាក់ពីលើកម្ពស់៣ម៉ែត្រផ្កាប់មុខលើឥដ្ឋការ៉ូរហូតដល់ស្លាប់បែបនេះតែម្ដង ។
ទោះបីជាបែបណា នេះគ្រាន់តែជាសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ ក្រោយមកនគរបាលខាងលើក៏បានរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ៕










