អ៊ីងហ្គលវូដ, កាលីហ្វ័រញ៉ា – ខ្សែបម្រើវ័យក្មេងរបស់ស្វ៊ីស យូហាន ម៉ាន់ហ្សាំប៊ី (Johan Manzambi) បាននិយាយថា គាត់សប្បាយចិត្តយ៉ាងខ្លាំងដែលអាចតបស្នងទំនុកចិត្តពីគ្រូបង្វឹក បន្ទាប់ពីចូលជំនួសក្នុងតង់ទី២ និងស៊ុតបញ្ចូលទីបាន ២ គ្រាប់ ជួយឲ្យស្វ៊ីសយកឈ្នះ បូស្ន៊ី និងហឺហ្សេហ្គូវីណា ៤-១ ក្នុងការប្រកួតពូល B នៃព្រឹត្តិការណ៍ FIFA World Cup កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែបម្រើវ័យ ២០ ឆ្នាំរូបនេះ ត្រូវបានដាក់ចូលលេងនៅចុងតង់ទី២ នៅកីឡដ្ឋាន Los Angeles Stadium ហើយបានបង្កើតឥទ្ធិពលភ្លាមៗ ដោយរកបាន ២ គ្រាប់ ជួយធានាជ័យជម្នះដ៏សំខាន់មួយសម្រាប់ស្វ៊ីស បន្ទាប់ពីពួកគេបានត្រឹមស្មើ ១-១ ជាមួយកាតារ ក្នុងការប្រកួតបើកឆាក។
ម៉ាន់ហ្សាំប៊ី បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់។ នេះជាលើកដំបូងក្នុងអាជីពរបស់ខ្ញុំដែលអាចរកបាន ២ គ្រាប់ក្នុងមួយប្រកួត។ ហើយការធ្វើបានបែបនេះនៅ World Cup កាន់តែពិសេសទៀត ជាពិសេសក្រោយពេលយើងចាប់ផ្តើមមិនសូវល្អក្នុងការប្រកួតដំបូង»។
កីឡាកររបស់ក្លឹប SC Freiburg រូបនេះ បញ្ជាក់ថា នៅពេលរកបានគ្រាប់ដំបូង ខ្លួនមានជម្រើសតិចតួចប៉ុណ្ណោះក្នុងតំបន់គ្រោះថ្នាក់។ «និយាយតាមត្រង់ទៅ មិនសូវមានចន្លោះទំនេរនៅក្នុងប្រអប់គ្រោះថ្នាក់ទេ។ ខ្ញុំគិតថាមិនមានជម្រើសច្រើនឡើយ ប៉ុន្តែសំណាងល្អ វាបានក្លាយជាគ្រាប់បាល់»។
ម៉ាន់ហ្សាំប៊ី បន្ថែមថា ខ្លួនចូលលេងដោយផ្តោតលើការជួយក្រុម ជាជាងមានសម្ពាធ ឬភ័យខ្លាចក្នុងការបង្ហាញខ្លួននៅលើឆាកធំបំផុតរបស់បាល់ទាត់ពិភពលោក។ «ខ្ញុំចូលលេងដោយគិតតែពីការជួយក្រុម និងបង្ហាញសមត្ថភាពឲ្យបានល្អបំផុត។ គ្រូបង្វឹកបានផ្តល់ដំបូន្មានផ្នែកយុទ្ធសាស្ត្រដល់ខ្ញុំ ហើយប្រាប់ឲ្យខ្ញុំបញ្ចេញទេពកោសល្យរបស់ខ្លួន។ ខ្ញុំគិតថាខ្ញុំបានបង្ហាញវាហើយ»។
ចំណែកគ្រូបង្វឹកស្វ៊ីស លោក Murat Yakin បានកោតសរសើរដល់ម៉ាន់ហ្សាំប៊ីថា ជាកីឡាករដែលមានភាពបត់បែនខ្ពស់ និងអាចបង្កការភ្ញាក់ផ្អើលដល់គូប្រកួតបាន។ «យូហាន ជាមនុស្សដែលមានភាពវិជ្ជមាន និងមានគុណភាពបាល់ទាត់យ៉ាងច្រើន។ គាត់មានរដូវកាលដ៏ល្អជាមួយ Freiburg ហើយអាចលេងបានគ្រប់តំបន់ ទាំងការពារ បម្រើ ស្លាប និងប្រយុទ្ធ»។
លោក Yakin ក៏បានបញ្ជាក់ថា កីឡាករវ័យក្មេងរូបនេះ នៅតែត្រូវការការអភិវឌ្ឍបន្ថែមលើរចនាសម្ព័ន្ធនៃការលេង ប៉ុន្តែក្រុមជម្រើសជាតិស្វ៊ីស នឹងផ្តល់សេរីភាពឲ្យគេបង្ហាញសមត្ថភាព។ «គាត់បានដាក់សម្ពាធយ៉ាងខ្លាំងលើគូប្រកួត។ គាត់ជាកីឡាករដែលអាចធ្វើឲ្យទាំងយើង និងគូប្រកួតភ្ញាក់ផ្អើលបាន»។
គ្រូបង្វឹករូបនេះក៏បានបង្ហើបថា ម៉ាន់ហ្សាំប៊ី អាចនឹងទទួលបានឱកាសចូលលេងជាជម្រើសដំបូងក្នុងការប្រកួតបន្ទាប់។
ជាមួយគ្នានេះ ម៉ាន់ហ្សាំប៊ី បាននិយាយថា ការមានក្រុមគ្រួសារមកគាំទ្រនៅកីឡដ្ឋាន បានធ្វើឲ្យថ្ងៃនេះកាន់តែមានន័យសម្រាប់រូបគេ ហើយជឿជាក់ថា ក្រុមស្វ៊ីសបានឆ្លើយតបយ៉ាងល្អក្រោយការចាប់ផ្តើមដ៏យឺតយ៉ាវនៅ World Cup ឆ្នាំនេះ។ «ក្រុមទាំងមូលមានអារម្មណ៍ល្អណាស់។ យើងដឹងថាហេតុអ្វីបានជាការប្រកួតដំបូងមិនល្អ ហើយយើងក៏ដឹងថា ត្រូវធ្វើឲ្យបានប្រសើរជាងមុន»៕










