វ៉ាន់ខូវើរ, ថ្ងៃទី១៨ ខែមិថុនា – ខ្សែប្រយុទ្ធ Jonathan David រកបាន ៣ គ្រាប់ (hat-trick) ជួយឱ្យក្រុមជម្រើសជាតិ កាណាដា បំបាក់ក្រុម កាតារ ដែលសល់ត្រឹម ៩ នាក់ក្នុងទីលាន ដោយលទ្ធផល ៦-០ ក្នុងការប្រកួតពូល B នៃព្រឹត្តិការណ៍ FIFA World Cup កាលពីថ្ងៃព្រហស្បតិ៍ ដោយនេះជាជ័យជម្នះលើកដំបូងរបស់កាណាដានៅ World Cupឆ្នាំនេះ។
ជ័យជម្នះដ៏ធំនេះបានជួយឱ្យកាណាដាឡើងឈរកំពូលតារាងពូល B បណ្តោះអាសន្ន ដោយមានពិន្ទុស្មើស្វ៊ីស ៤ ពិន្ទុ ប៉ុន្តែមានគ្រាប់បាល់ចំណេញប្រសើរជាង។
ការប្រកួតបានចាប់ផ្តើមដោយកាណាដាបង្ហាញទម្រង់លេងដ៏ល្អ ខណៈ កីឡាករ Cyle Larin ជាអ្នករកគ្រាប់បាល់បើកឆាក បន្ទាប់ពីតាមបាល់ស៊ុតបញ្ចូលទីពីការសង្គ្រោះរបស់អ្នកចាំទីកាតារ។
បន្ទាប់មក Jonathan David បានបន្ថែម ២ គ្រាប់ទៀតក្នុងតង់ទី១ ដោយមួយគ្រាប់កើតឡើងពីការស៊ុតវ៉ូលីយ៉ាងស្រស់ស្អាត និងមួយគ្រាប់ទៀតពីការបញ្ចប់ទីយ៉ាងត្រជាក់ចិត្តនៅមុខទី។
ស្ថានភាពរបស់កាតារកាន់តែអាក្រក់នៅនាទីទី៣៤ នៅពេល Homam Ahmed ទទួលបានកាតក្រហម បន្ទាប់ពីបង្កកំហុសលើ Tajon Buchanan។ ដំបូងអាជ្ញាកណ្តាលបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែក្រោយពិនិត្យ VAR បានបញ្ជាក់ថាកំហុសកើតឡើងក្រៅប្រអប់គ្រោះថ្នាក់។
ចូលដល់តង់ទី២ កាតារត្រូវសល់ត្រឹម ៩ នាក់ប៉ុណ្ណោះ បន្ទាប់ពី Assim Madibo ទទួលបានកាតក្រហមដោយសារបង្កកំហុសធ្ងន់លើខ្សែបម្រើ Ismael Kone។ កីឡាករកាណាដារូបនេះត្រូវបានដឹកចេញពីទីលានដោយពាក់ស្បែកជើងខ្យល់ការពារជើងខាងឆ្វេង បង្កការព្រួយបារម្ភពីរបួស។
ក្រោយមក Nathan Saliba ដែលចូលជំនួស Kone បានស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងអស្ចារ្យ ធ្វើឱ្យកាណាដានាំមុខ ៤-០។
ក្តីលំបាករបស់កាតារមិនទាន់បញ្ចប់ទេ ខណៈខ្សែការពារ Mohamed Manai ភ្លាត់ស្នៀតធ្វើឱ្យបាល់ចូលទីខ្លួនឯង បន្ថែមគ្រាប់ទី៥ឱ្យកាណាដា។
នៅម៉ោងបន្ថែម Jonathan David បានបំពេញhat-trickរបស់ខ្លួន ដោយស៊ុតជើងឆ្វេងបញ្ចូលទីយ៉ាងល្អ ធ្វើឱ្យលទ្ធផលចុងក្រោយបញ្ចប់នៅ ៦-០។
កាណាដានឹងត្រូវជួប ស្វ៊ីស នៅថ្ងៃទី២៤ ខែមិថុនា ក្នុងការប្រកួតសម្រេចកំពូលពូល B នៅទីក្រុងវ៉ាន់ខូវើរ ខណៈកាតារត្រូវជួប បូស្ន៊ី និងហឺហ្សេហ្គូវីណា នៅទីក្រុងស៊ីអាថល ដើម្បីស្វែងរកឱកាសចុងក្រោយក្នុងការបន្តដំណើរទៅវគ្គបន្ទាប់៕










