ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជា ចង់ជំរុញឱ្យប្រទេសបេឡារុស​ និងកម្ពុជា​ មានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ​៖​ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្រោយជំនួប លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបជាមួយនឹងលោកអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជា។ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អជាមួយគ្នារវាងប្រទេសយើងទាំងពីរ ហើយសង្ឃឹមថា ក្នុងបេសកកម្មរបស់លោក​ ជាអគ្គរដ្ឋទូតរបស់បេឡារុស ប្រចាំកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងបេឡារុស កាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោក​អគ្គរដ្ឋទូតបេឡារុស បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ។ លោកបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែលមានជាយូរមកហើយ និងរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសបេឡារុសនាពេលកន្លងទៅ ជាពិសេសនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ដែលបានពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បន្ថែមលើសពីនេះ លោក​ក៏បានលើកឡើងថា កម្ពុជា និងបេឡារុសមានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

លោក​ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា នៅក្នុងនោះ លោក​បានលើកឡើងថា ប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ដោយក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម  សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ដែលសម្រាប់បេឡារុស លោក​លើកឡើងថា គឺមានការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្មតែម្ដង។ ជាមួយគ្នានោះ លោក​ក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជាបាន។ 

បន្ថែមលើសពីនេះទៀត​ លោក​បានរំលេចផងដែរអំពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុសឲ្យមានការកើនឡើងបន្ថែមទៀត។ 

សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់​ លោក​ឯកអគ្គរដ្ឋទូតបេឡារុស ក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគរវាងកម្ពុជា និងបេឡារុស។

សម្ដេចបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀតដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ 

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរ​ លោក​ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជា ឱ្យបំពេញបេសកកម្មការងារនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print