ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន រួមទាំងព័ត៌មានថ្មីៗ ដូចតទៅ៖
ទី១៖ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលជាឱកាសដ៏វិសេសវិសាលដើម្បីរម្លឹកខួបនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ ភាគីទាំងពីរ អាស៊ាន និងរុស្ស៊ី ក៏បានពិភាក្សា និងសម្រេចបានលទ្ធផលជាច្រើនដែលជាផលប្រយោជន៍រួមសម្រាប់អាស៊ាន និងរុស្ស៊ី។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦នេះ ពិតជាមានអត្ថន័យវិសេសវិសាល ពីព្រោះវាជាខួបទី៧០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី។ ដូច្នេះ កម្ពុជា-រុស្ស៊ី នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង និងទាញយកសក្តានុពលពេញលេញពីកិច្ចសហប្រតិបត្តិការនេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដើម្បីពង្រឹងពង្រីកចំណងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ដែលឈានដល់ខួបទី៧០ឆ្នាំ។ កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើគុណភាពនៃទំនាក់ទំនងដែលក្នុងរយៈពេល ៧០ឆ្នាំមកនេះ កម្ពុជា-រុស្ស៊ី តែងតែឈរនៅជាមួយគ្នា។ ដូច្នេះ ជំនួបនេះក៏ជាឱកាសដែលភាគីទាំងពីរសម្លឹងមើលទៅមុខក្នុងទិសដៅរួមគ្នា សម្រាប់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានបង្ហាញសារនយោបាយច្បាស់លាស់របស់កម្ពុជា គឺការបន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីជាមួយបណ្តាប្រទេសជាមិត្ត។
ក្រៅពីនោះ សម្តេចធិបតីក៏បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្ត្រី និងតំណាងក្រុមហ៊ុន ព្រមទាំងអង្គការមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួម។
ទី២៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាបានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ដើម្បីទទួលជំនួសនូវ «ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)» ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ព្រះប្រធានកិត្តិយសរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។ ពានរង្វាន់នេះត្រូវបានថ្វាយសម្តេចព្រះមហាក្សត្រីចំពោះព្រះរាជហឫទ័យ និងព្រះសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងព្រះរាជកិច្ចសង្គម មនុស្សធម៌ ជាពិសេសព្រះរាជកិច្ចលើកកម្ពស់តម្លៃ និងសិទ្ធិស្ត្រីគ្រប់ៗរូប។
ស្របពេលជាមួយគ្នានេះដែរ សហគមន៍ Olave Baden-Powell Society (OB-PS) បានផ្តល់ជំនឿទុកចិត្តនិងកិត្តិយសតែងតាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជា «ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS Cambodia)» រួមជាមួយនឹង «ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BENEDIKTE AWARD)» ដើម្បីជាសក្ខីភាពចំពោះសកម្មភាពសង្គមដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ក្នុងឱកាសនោះដែរ សមាជិក-សមាជិកាថ្មីចំនួន៨៦រូប ក៏បានស្ម័គ្រចិត្តចូលរួមជាសមាជិកពេញសិទ្ធិរបស់សហគមន៍ OB-PS ដែលនឹងជំរុញចលនាឧបត្ថម្ភដល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីពិភពលោកឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ កិត្តិយសដ៏ឧត្តុង្គឧត្តមនេះទទួលបាននាឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតកាយរិទ្ធនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប។
ទី៣៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំនិងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។ តំបន់ដែលក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅដល់នោះ គឺជាទីតាំងបានរងការវាយប្រហារ និងរាយបន្លាលួសដើម្បីកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ។ សកម្មភាពរបស់ក្រុម AOT ក៏ដើម្បីពិនិត្យមើលការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ដែលក្រុមអ្នកសង្កេតការណ៍អាស៊ានទៅដល់ បានគូសបញ្ជាក់ពីភាពចាំបាច់មិនអាចបង្អែរបង្អង់យូបាននៃការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព៕ដោយ៖តារា










