សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ការប្រកួតរវាងក្រុមជម្រើសជាតិ ជប៉ុន និងទុយនីស៊ី នៅថ្ងៃសៅរ៍នេះ នឹងក្លាយជាការប្រកួតទី 1,000 ក្នុងប្រវត្តិសាស្ត្រ FIFA World Cup។
ការប្រកួតក្នុងពូល F ដែលធ្វើឡើងនៅកីឡដ្ឋាន Monterrey នឹងជាការប្រកួតទី២របស់ក្រុមទាំងពីរ នៅក្នុងការប្រកួត World Cup ឆ្នាំ 2026 ដែលបានពង្រីកចំនួនក្រុមចូលរួមដល់ 48 ក្រុម។
ក្នុងការប្រកួតបើកឆាក ជប៉ុនបានស្មើ 2-2 ជាមួយហូឡង់នៅទីក្រុង Dallas ខណៈទុយនីស៊ីបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ 5-1 ក្រោមថ្វីជើងស៊ុយអែត នៅកីឡដ្ឋាន Monterrey ដូចគ្នា។
FIFA ក៏បានបង្ហាញទិន្នន័យសំខាន់ៗជាច្រើនទាក់ទងនឹងការប្រកួត World Cup ឆ្នាំ 2026 ផងដែរ៖
-មានក្រុមជម្រើសជាតិចំនួន 209 ប្រទេសចូលរួមវគ្គជម្រុះ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងត្រឹម 13 ប្រទេសប៉ុណ្ណោះនៅ World Cup លើកដំបូងឆ្នាំ 1930។
-ទ្វីបអាហ្វ្រិក និងអាស៊ី ទទួលបានកៅអីជាប់ដោយផ្ទាល់សរុប 17 កៅអី បូករួមជាមួយកៅអី Playoff ចំនួន 2 ទៀត។
-ជាលើកដំបូង FIFA បានផ្តល់កៅអីជាប់ដោយផ្ទាល់ដល់តំបន់ សហព័ន្ធកីឡាបាល់ទាត់អូសេអានី សម្រាប់ការប្រកួត World Cup។
– កម្មវិធី FIFA Forward Programme បានវិនិយោគថវិកាជាង 5 ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ 2016 ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់នៅតាមបណ្តាប្រទេស និងតំបន់នានាជុំវិញពិភពលោក។
-ទុយនីស៊ីកំពុងចូលរួម World Cup ជាលើកទី 3 ជាប់ៗគ្នា។ ខ្សែបម្រើ និងជាប្រធានក្រុមទុយនីស៊ី Ellyes Skhiri បានបង្ហាញអារម្មណ៍មោទនភាពចំពោះឱកាសពិសេសនេះ ដោយនិយាយថា៖
«ការបានចូលរួមក្នុងការប្រកួតទី 1,000 នៃ World Cup គឺជានិមិត្តរូបដ៏ពិសេស និងមានអត្ថន័យយ៉ាងខ្លាំងសម្រាប់យើង»។
ការប្រកួតប្រវត្តិសាស្ត្រនេះនឹងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក ខណៈជប៉ុន និងទុយនីស៊ី សុទ្ធតែស្វែងរកលទ្ធផលវិជ្ជមានដើម្បីបន្តក្តីសង្ឃឹមឆ្ពោះទៅកាន់វគ្គបន្ទាប់៕










