ភ្នំពេញ៖ នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារ កើនឡើង ១៧,២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនជប៉ុនមកលើបរិយាកាសធុរកិច្ច។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៦ កម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ៧៦៦ លានដុល្លារ កើនឡើង ២០,៦% ចំណែកឯជប៉ុននាំចូលមកវិញមានតម្លៃ ៤៣៤ លានដុល្លារ កើន ១១,៨%។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានយល់ឃើញថា កម្ពុជា-ជប៉ុនបានអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ធ្វើឱ្យទំហំពាណិជ្ជកម្មកើនឡើង។
កម្ពុជាធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យ ទាំងសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងបង្គុំផ្សេងៗ ខណៈផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនក៏បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។
សូមជម្រាបជូនថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៣ ពាន់លានដុល្លារ កើន ១៧,១៤% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%៕ដោយ៖តារា










