ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញដល់ថ្នាក់ដឹកនាំនិងសមាជិកបក្សនៅមូលដ្ឋាន ត្រូវអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២០ មិថុនា ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម មានប្រសាសន៍ថា ការផ្សព្វផ្សាយផែនការរួមនាពេលនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ។
លោកប្រធាន បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលទាមទារឱ្យគ្រប់រចនាសម្ព័ន្ធ គណបក្សនៅមូលដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ ត្រូវខិតខំបំពេញការងារនៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងបន្តផ្សព្វផ្សាយសមិទ្ធផលនានា ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅ និងការរីកចម្រើនរបស់ប្រជាជនផងដែរ ៕ដោយ៖តារា










