សារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយ នៅក្នុងតំបន់ Tyumen នៃតំបន់ស៊ីបេរី ប្រទេសរុស្ស៉ីដែលស្ថិតនៅចម្ងាយជាង ២០០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
លោក ហ្សេលេនស្គី ក៏បាននិយាយដែរថាអ៊ុយក្រែនអភិវឌ្ឍបានសម្រេចនូវដ្រូនស៊េរីថ្មីមួយដែលមានសមត្ថភាពធ្វើប្រតិបត្តិការក្នុងរយៈចម្ងាយលើស ៣០០០គីឡូម៉ែត្រ។ ក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គីបានកោតសរសើរដល់ប្រតិបត្តិការពិសេសរបស់យោធាអ៊ុយក្រែនដែលបានវាយប្រហារដល់តំបន់ Tyumen ក្នុងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងរោងចក្រចម្រាញ់ប្រេងមួយ កន្លែងដែលស្ថិតនៅចម្ងាយ ២០០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនក្នុងរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយលើទឹកដីរុស្ស៉ី ដោយផ្តោតជាសំខាន់លើឧស្សាកម្មប្រេង ក្នុងគោលបំណងកាត់ផ្ដាច់ហិរញ្ញវត្ថុដែលមូស្គូយក ទៅផ្គត់ផ្គង់ដល់សង្រ្គាមរបស់ខ្លួន។ អភិបាលតំបន់ Tyumen លោក Alexander Moor បានអះអាងថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានទប់ស្កាត់ការវាយប្រហារដោយដ្រូនលើ រោងចក្រចម្រាញ់ប្រេង។ តែលោកបានអះអាងថាបើតាមរបាយការណ៍បឋម មិនមានការខូចខាតអ្វីទេ ហើយបុគ្គលិកត្រូវបានជម្លៀសដោយសុវត្ថិភាព៕

រូបថត:danviet










