ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវយ៉ាងសកម្ម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយប្រហារ និងប្លន់យកទូរស័ព្ទពីជនរងគ្រោះ នៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១។
ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២០:៣០នាទី នៅចំណុចផ្លូវបេតុងថ្មី ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ដន សុខនូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ជននេះត្រូវបានសង្ស័យថា បានធ្វើសកម្មភាពវាយ និងយកទូរស័ព្ទម៉ាក OPPO ពីជនរងគ្រោះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២២:២០នាទី នៅចំណុចផ្លូវបេតុងថ្មី ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងកំណត់អត្តសញ្ញាណមុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕










