ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះថា ក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់០១កន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សចំនួន៦នាក់ ស្ថិតនៅក្រុម១៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះដឹកនាំដោយលោក ឃន មន អភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងភ្នាល់បានចំនួន ០៦នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន៖
– មាន់ជល់ចំនួន ៦ក្បាល, ម៉ូតូចំនួន ០៦គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន ០១ រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន ក្រុមអ្នកលេងភ្នាល់ល្បែងខុសច្បាប់ទាំង០៦នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ បន្តអនុវត្តតាមនីតិវិធីច្បាប់៕










