ខេត្តបាត់ដំបង ៖ ភ្លៀងដែលមានលាយឡំទៅដោយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ យ៉ាងខ្លាំងក្លាផង បានបាញ់ផ្តាច់ផ្ដិលជីវិតបុរសចំណាស់ម្នាក់ដេកដួលស្លាប់យ៉ាងកំសត់នៅកន្លែងឃ្វាលគោ កាលពីរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៦ នៅភូមិបឹងត្រកួន ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណឹម ងិន អាយុ៦៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះត្រូវបានស្លាប់ដោយសារអភូតហេតុ«រន្ទះបាញ់» ពេលគាត់កំពុងដើរឃ្វាលគោ ស្រប់ពេលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងមានផ្គររន្ទះយ៉ាងខ្លាំង។
បើតាមអ្នកភូមិបាននិយាយថា នៅតំបន់មួយចំនួននៃស្រុកសំពៅលូន ជាពិសេស នៅឃុំសិរីមានជ័យ មានភ្លៀងធ្លាក់ជាមធ្យម តែមានខ្យល់កន្ត្រាក់ និងផ្ទររន្ទះខ្លាំង ។
ចំពោះជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់ គឺគាត់កំពុងនៅកន្លែងឃ្វាលគោ ដែលទំនងដេញគោត្រឡប់មកផ្ទះវិញ ក៏ជួបគ្រោះថ្នាក់ដោយរន្ទះដ៏កាចសាហាវនេះតែម្ដង ៕










