អ៊ីរ៉ាក់មិនលេងការពារខ្លាំងពេកទល់បារាំងទេ ខណៈគ្រូបង្វឹក Arnold ប្តេជ្ញាប្រយុទ្ធដើម្បីឈ្នះ

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់លោក Graham Arnold បានបញ្ជាក់ថា ក្រុមរបស់លោកនឹងមិនផ្លាស់ប្តូរទៅលេងបែបការពារខ្លាំងពេកឡើយ ក្នុងជំនួបជាមួយក្រុមជម្រើសជាតិបារាំងនៅថ្ងៃចន្ទនេះ ទោះបីជាទើបរងបរាជ័យ 4-1 ក្រោមថ្វីជើងន័រវេសក្នុងការប្រកួតបើកឆាកពូល I ក៏ដោយ។

អ៊ីរ៉ាក់ត្រូវប្រឈមនឹងការប្រកួតដ៏លំបាកបំផុតមួយនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយជួបជាមួយខ្សែប្រយុទ្ធកំពូលពីររូបជាប់ៗគ្នា។ ក្នុងប្រកួតដំបូង Erling Haaland រកបាន 2 គ្រាប់ជួយន័រវេសយកឈ្នះអ៊ីរ៉ាក់ 4-1 ខណៈប្រកួតបន្ទាប់ ពួកគេត្រូវជួបក្រុមបារាំងដែលមាន Kylian Mbappé ជាតារាឆ្នើម។

លោក Arnold បាននិយាយថា៖

«ខ្ញុំតែងតែជាគ្រូបង្វឹកដែលចូលប្រកួតដោយមានគោលដៅឈ្នះ មិនមែនគ្រាន់តែមិនចង់ចាញ់នោះទេ។ ប្រសិនបើអ្នកមានផ្នត់គំនិតបែបនេះ អាចមានថ្ងៃខ្លះដែលវាមិនដំណើរការ ប៉ុន្តែក៏មានថ្ងៃជាច្រើនដែលវាទទួលបានជោគជ័យដែរ។»

លោកបន្ថែមថា ការបង្កើតផ្នត់គំនិតជឿជាក់ថាអាចឈ្នះបាន នឹងជួយឱ្យកីឡាករមានទំនុកចិត្ត និងត្រៀមខ្លួនបានល្អជាងមុន។

ចំណែកឯក្រុមបារាំង ក៏បានបង្ហាញទម្រង់លេងដ៏ខ្លាំងក្លាផងដែរ ក្នុងការប្រកួតបើកឆាក ដោយយកឈ្នះសេណេហ្គាល់ 3-1 ខណៈ Mbappé រកបាន 2 គ្រាប់ និងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលារបស់បារាំង។

ពេលត្រូវបានសួរអំពីការប្រឈមមុខនឹងខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់របស់បារាំង លោក Arnold បានលេងសើចថា៖

«ខ្ញុំបានសួរថា តើយើងអាចដាក់អ្នកចាំទី 3 នាក់បានទេ ប៉ុន្តែពួកគេនិយាយថាមិនបានទេ។»

ទោះយ៉ាងណា លោកបានបញ្ជាក់ថា អ៊ីរ៉ាក់នឹងផ្តោតលើការបង្ហាញសមត្ថភាពរបស់ខ្លួនជាជាងព្រួយបារម្ភអំពីគូប្រកួត។ «យើងមិនអាចគ្រប់គ្រងការលេងរបស់បារាំងបានទេ ប៉ុន្តែយើងអាចគ្រប់គ្រងការលេងរបស់ខ្លួនឯងបាន។ យើងកំពុងធ្វើឱ្យប្រាកដថា កីឡាកររបស់យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញពិភពលោកថាពួកគេមានសមត្ថភាពអ្វីខ្លះ។»

ជាមួយគ្នានេះ លោក Arnold ក៏បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាប Ali Jasim មានសុខភាពល្អវិញហើយ បន្ទាប់ពីរងរបួសកកាលក្នុងប្រកួតជាមួយន័រវេស។

ខណៈនោះ ខ្សែប្រយុទ្ធជើងចាស់ Aymen Hussein ដែលរកបានគ្រាប់បាល់តាមស្មើឱ្យអ៊ីរ៉ាក់ជាមួយន័រវេស មុនពេលក្រុមរងបរាជ័យ បានបង្ហាញទំនុកចិត្តថា អ៊ីរ៉ាក់អាចរកគ្រាប់បាល់ទល់នឹងបារាំងបាន។

លោកបាននិយាយថា៖ «ខ្សែការពាររបស់បារាំងស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅលើពិភពលោក ប៉ុន្តែយើងនឹងប្រយុទ្ធក្នុងការប្រកួតនេះ។ យើងនឹងរីករាយជាមួយការប្រកួតទល់នឹងក្រុមដ៏ខ្លាំងមួយ ហើយវានឹងជំរុញកម្លាំងចិត្តរបស់យើង។ សង្ឃឹមថា យើងអាចរកគ្រាប់បាល់បានដោយព្រះហឫទ័យរបស់ព្រះ។»

...

ការប្រកួតរវាងអ៊ីរ៉ាក់ និងបារាំង ត្រូវបានរំពឹងថានឹងក្លាយជាការប្រកួតដ៏ទាក់ទាញមួយ ខណៈបារាំងចង់បន្តភាពខ្លាំងរបស់ខ្លួន ខណៈអ៊ីរ៉ាក់កំពុងស្វែងរកពិន្ទុដំបូង ដើម្បីរក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្ទាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print