ក្រុមជម្រើសជាតិអាល់ហ្សេរី នៅតែមានឱកាសកំណត់ជោគវាសនារបស់ខ្លួនឯងក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈពួកគេត្រៀមជួបក្រុមជម្រើសជាតិហ្ស៊កដានី នៅថ្ងៃចន្ទនេះ ក្នុងការប្រកួតដ៏សំខាន់មួយនៃពូល J ដែលអាចកំណត់ការបន្តដំណើរឬធ្លាក់ចេញពីការប្រកួតរបស់ក្រុមទាំងពីរ។
គ្រូបង្វឹកអាល់ហ្សេរី លោក Vladimir Petkovic បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមរបស់លោកចង់ធានាថា ជោគវាសនារបស់ខ្លួនស្ថិតនៅក្នុងដៃខ្លួនឯង តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អបំផុតនៅក្នុងការប្រកួតនេះ។
លោកបាននិយាយថា៖ «រឿងមួយដែលប្រាកដនោះគឺ យើងចង់ធ្វើឱ្យប្រាកដថា ជោគវាសនារបស់យើងស្ថិតនៅក្នុងដៃរបស់យើងផ្ទាល់ ហើយបង្ហាញការលេងដែលសមនឹងគោលដៅនោះ»។
អាល់ហ្សេរី បានចាប់ផ្តើមយុទ្ធនាការ World Cup របស់ខ្លួនដោយជួបការងារដ៏លំបាក ពេលប៉ះម្ចាស់ជើងឯកការពារតំណែង អាហ្សង់ទីន ហើយបានបរាជ័យ 3-0 ក្រោយពីខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបានបីគ្រាប់ម្នាក់ឯង។
បច្ចុប្បន្ន ក្រុម អាល់ហ្សេរី អាចនឹងធ្លាក់ចេញពីការប្រកួត ប្រសិនបើពួកគេចាញ់ហ្ស៊កដានី ហើយអូទ្រីសអាចរកបានយ៉ាងហោចណាស់មួយពិន្ទុក្នុងការប្រកួតជាមួយអាហ្សង់ទីន។
ទោះបីជាចាញ់អាហ្សង់ទីនក៏ដោយ លោក Petkovic ជឿជាក់ថា ក្រុមរបស់លោកមិនបានលេងអន់នោះទេ ហើយការប្រកួតជាមួយហ្ស៊កដានីនឹងផ្តល់ឱកាសឱ្យកីឡាករបង្ហាញសមត្ថភាពបានកាន់តែច្បាស់។
លោកបានបញ្ជាក់ថា៖ «យើងលេងបានល្អ ប៉ុន្តែត្រូវបានដាក់ទណ្ឌកម្មដោយសមត្ថភាពឯកត្តជនដ៏អស្ចារ្យរបស់ Lionel Messi។ យើងទាំងអស់គ្នាដឹងថា នោះមិនមែនជាការប្រកួតដែលយើងត្រូវតែឈ្នះគ្រប់ពេលនោះទេ»។
លោកបន្ថែមថា កីឡាករទាំងអស់មានបំណងប្រាថ្នាខ្លាំងក្នុងការលេងឱ្យបានល្អ និងចង់បន្តស្នាក់នៅសហរដ្ឋអាមេរិកឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ លោក Petkovic ក៏បានព្រមានថា ហ្ស៊កដានីនឹងក្លាយជាគូប្រកួតខុសប្លែកពីអាហ្សង់ទីន ដោយជាក្រុមដែលមានការរៀបចំប្រព័ន្ធការពារល្អ រឹងមាំផ្នែកកម្លាំងកាយ និងលេងដោយវិន័យខ្ពស់។
ទោះជាយ៉ាងណា លោកជឿជាក់ថា អាល់ហ្សេរីមានគុណភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងយកលទ្ធផលវិជ្ជមាន។ លោកបានបន្ថែម «ហ្ស៊កដានីជាក្រុមល្អ មានរចនាសម្ព័ន្ធការពាររឹងមាំ និងលេងដោយកម្លាំងខ្លាំង ប៉ុន្តែយើងក៏មានសមត្ថភាព និងគុណភាពផ្ទាល់ខ្លួនរបស់យើងដែរ»
អាល់ហ្សេរី ដែលបានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៅ World Cup ឆ្នាំ 2014 កំពុងសង្ឃឹមថា ក្រុមដែលសម្បូរទៅដោយកីឡាករមានទេពកោសល្យនេះ អាចនាំពួកគេត្រឡប់ទៅកាន់វគ្គជម្រុះដោយផ្ទាល់ម្តងទៀត៕










