ខេត្តស្វាយរៀង៖ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា បាននាំគ្នាតវ៉ាឱ្យអាជ្ញាធររកដំណោះស្រាយជូន ពាក់ព័ន្ធពលរដ្ឋមួយគ្រួសារ ដែលយករបងបាំងជិតផ្លូវមិនឲ្យធ្វើដំណើរ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវលំមួយខ្សែក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ពលរដ្ឋធ្វើដំណើរជាង២០ឆ្នាំមកហើយ តែមានគ្រួសារមួយបានបិទផ្លូវមិនឲ្យពួកគាត់ធ្វើដំណើរ នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៦នេះ នាំឲ្យប្រតិកម្មយ៉ាងខ្លាំងនិងស្នើឲ្យអាជ្ញាធរបើកផ្លូវជាបន្ទាន់។
ពលរដ្ឋបានបន្តថា ពលរដ្ឋគ្រួសារមួយនេះ បានរំលោភយកដីផ្លូវនឹងធ្វើរបងបាំងជិតមិនឲ្យពួកគាត់ចូលទៅលំនៅដ្ឋាន ខណៈបានចេញពីធ្វើការរោងចក្រ ដើម្បីហូបបាយថ្ងៃត្រង់ តែត្រូវជាប់គាំងដោយសារគេធ្វើរបងបិទជិតផ្លូវ។
ជាមួយគ្នានេះពួកគាត់ក៏បានលើកឡើងថាគ្រួសារនេះកាលពីដើមឡើយ មិនរករឿងអ្វីនោះទេ តែដោយសារមានរោងចក្រ និងដីឡើងថ្លៃទើបទាមទារយកផ្លូវធ្វើជាកម្មសិទ្ធិតែម្ដង ដោយអះអាងថា ផ្លូវនេះជាដីរបស់ខ្លួន តែខាងសុរិយាដី មិនធ្វើប្លង់ឲ្យនោះទេ ដោយសារដីមានទំនាស់រង់ចាំដោះស្រាយ។
ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកសារព័ត៌មាន បានទំនាក់ទំនងទៅ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា នៅរសៀលថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២៦ នេះលោកបានបញ្ជាក់ថា ខាងស្រុកនិងឃុំបានអញ្ជើញភាគីដែលពាក់ព័ន្ធមកសម្របសម្រួលដើម្បីរកដំណោះស្រាយហើយ។










