គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Thomas Tuchel បានបញ្ជាក់ថា កីឡាករទាំងអស់របស់ក្រុមស្ថិតក្នុងស្ថានភាពល្អ និងអាចចូលរួមប្រកួតបាន មុនការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2026 ទល់នឹងក្រុមជម្រើសជាតិហ្គាណា នៅថ្ងៃអង្គារ។
Tuchel បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «កីឡាករទាំងអស់អាចលេងបាន និងបានចូលរួមហ្វឹកហាត់គ្រប់គ្នា»។
លោកក៏បានបង្ហាញព័ត៌មានវិជ្ជមានអំពីខ្សែបម្រើ Bukayo Saka ដែលធ្លាប់មានបញ្ហារបួសសរសៃពួរកែងជើង (Achilles tendon) ដោយបញ្ជាក់ថា កីឡាកររូបនេះលែងមានអារម្មណ៍ឈឺចាប់ទៀតហើយ។ «Bukayo កំពុងតែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចលនារបស់គាត់មានសេរីភាពជាងមុន ហើយគាត់លែងមានការឈឺចាប់ទៀតហើយ។ គាត់បានចូលរួមហ្វឹកហាត់ពេញលេញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដូច្នេះគាត់រួចរាល់សម្រាប់ការប្រកួត»។
ទោះជាយ៉ាងណា លោក Tuchel មិនបានបញ្ជាក់ថា Saka នឹងចាប់ផ្តើមជាជម្រើសដំបូងឬអត់នោះទេ។ ខ្សែបម្រើរបស់ Arsenal រូបនេះ បានបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងជ័យជម្នះ 4-2 លើក្រូអាត កាលពីសប្តាហ៍មុន។
Tuchel សរសើរស្មារតីក្រុម និងការប្រកួតប្រជែងក្នុងក្រុម
ជ័យជម្នះលើក្រូអាតបានបង្ហាញពីសមត្ថភាពវាយប្រហារដ៏ស្វាហាប់របស់អង់គ្លេស ប៉ុន្តែការរបូតគ្រាប់បាល់ពីរគ្រាប់ក្នុងតង់ទី១ ក៏បានបង្កការព្រួយបារម្ភអំពីប្រព័ន្ធការពារផងដែរ។
Tuchel បានសង្កត់ធ្ងន់ទៅលើសាមគ្គីភាពក្នុងក្រុម ដោយចាត់ទុកការប្រកួតប្រជែងរវាង Bukayo Saka និង Noni Madueke សម្រាប់តំណែងខាងស្តាំថា ជារឿងវិជ្ជមាន។ «វាជារឿងដ៏ល្អមួយសម្រាប់ក្រុម»។
លោកក៏បានលើកសរសើរ Anthony Gordon ដែលបានរត់ចេញពីកៅអីបម្រុងទៅអបអរសាទរ Marcus Rashford បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីគ្រាប់ទី៤ឲ្យអង់គ្លេស។
ចំណែក Jude Bellingham ដែលរកបានមួយគ្រាប់ក្នុងជំនួបទល់នឹងក្រូអាត ក៏ត្រូវបាន Tuchel សរសើរចំពោះទស្សនៈលេងជាក្រុមរបស់គេផងដែរ។ «គាត់ទទួលយកគំនិតថា យើងត្រូវធ្វើអ្វីៗជាក្រុម ហើយនោះជាមូលហេតុដែលគាត់ជាផ្នែកសំខាន់នៃក្រុមនេះ»។
អង់គ្លេសប្រុងប្រយ័ត្នចំពោះការវាយបករបស់ហ្គាណា
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានទទួលស្គាល់ថា ហ្គាណាមានសមត្ថភាពការពាររឹងមាំ និងវាយបកលឿន ដែលជារបៀបលេងខុសពីក្រូអាត។ «នោះហើយជាភាពស្រស់ស្អាតនៃ World Cup។ យើងជួបក្រុមមកពីវប្បធម៌ និងរបៀបលេងខុសៗគ្នា។ ភារកិច្ចរបស់យើងគឺត្រូវសម្របខ្លួន បង្ហាញភាពខ្លាំងរបស់យើង និងគោរពចំពោះសមត្ថភាពរបស់គូប្រកួត»។
គួរបញ្ជាក់ថា ទាំងអង់គ្លេស និងហ្គាណា សុទ្ធតែឈ្នះការប្រកួតបើកឆាកក្នុងពូល L ដោយហ្គាណាបានយកឈ្នះប៉ាណាម៉ា 1-0 តាមរយៈគ្រាប់បាល់ចុងម៉ោង។ ក្រុមណាដែលទទួលបានជ័យជម្នះក្នុងការប្រកួតនៅថ្ងៃអង្គារ នឹងមានឱកាសខ្ពស់ក្នុងការកក់កៅអីទៅកាន់វគ្គ 32 ក្រុមចុងក្រោយ៕










