គ្រូបង្វឹក Martinez ជឿជាក់លើក្រុមព័រទុយហ្គាល់មានសាមគ្គីភាពនៅក្នុងក្រុមកាន់តែរឹងមាំមុនជួបអ៊ូសបេគីស្ថាន

ចែករំលែក៖

ព័រទុយហ្គាល់មិនបានយកចិត្តទុកដាក់ចំពោះការរិះគន់ដែលកើតឡើងបន្ទាប់ពីស្មើ 1-1 ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៍ FIFA World Cup 2026 នោះទេ ហើយសាមគ្គីភាពនៅក្នុងក្រុមកាន់តែរឹងមាំ ខណៈពួកគេត្រៀមជួបអ៊ូសបេគីស្ថានក្នុងការប្រកួតទី២ នៃពូល K។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹក Roberto Martinez។

នៅក្នុងការប្រកួតជាមួយកុងហ្គោ ព័រទុយហ្គាល់គ្រប់គ្រងបាល់បានច្រើន ប៉ុន្តែអាចស៊ុតបានត្រឹម 7 លើកប៉ុណ្ណោះ និងចំគោលដៅតែ 1 លើក គឺការតែតបញ្ចូលទីរបស់ Joao Neves នៅនាទីទី៦។

លោក Martinez បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមរបស់លោកចាប់ផ្តើមបានល្អ ប៉ុន្តែបាត់បង់វិន័យ និងរចនាសម្ព័ន្ធលេងក្រោយរយៈពេល 20 នាទីដំបូង ដែលជាចំណុចដែលត្រូវកែលម្អនៅពេលជួបអ៊ូសបេគីស្ថាន។

លោកបានថ្លែងថា៖ «យើងមានភាពរឹងមាំ និងផ្តោតអារម្មណ៍ខ្ពស់។ ក្រុមរបស់យើងកាន់តែរួបរួមជាងមុន។ នេះគឺជាដំណើរការអភិវឌ្ឍន៍មួយ ហើយសម្ពាធមិនមែនជាផ្នែកនៃក្រុមរបស់យើងទេ»។

លោកបន្ថែមថា ការរិះគន់ក្រោយលទ្ធផលមិនល្អគឺជារឿងធម្មតា ហើយពេលខ្លះវាអាចមិនយុត្តិធម៌ ឬមានលក្ខណៈអវិជ្ជមាន ប៉ុន្តែមិនបានប៉ះពាល់ដល់ការត្រៀមខ្លួនរបស់ក្រុមឡើយ។

Martinez ក៏បានបញ្ជាក់ថា កីឡាករទាំងអស់អាចចូលរួមប្រកួតបាន លើកលែងតែ Tomas Araujo ខណៈ Ruben Dias ដែលអវត្តមានក្នុងជំនួបបើកឆាក ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ។

ជាមួយគ្នានេះ លោកក៏បានការពារ Cristiano Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធវ័យ 41 ឆ្នាំរូបនេះ ទទួលរងការរិះគន់ពីទម្រង់លេងទល់នឹងកុងហ្គោ និងមានសំណើឱ្យអង្គុយបម្រុងក្នុងជំនួបទល់នឹងអ៊ូសបេគីស្ថាន។

Martinez បាននិយាយថា៖ «យើងជាក្រុមដែលចង់គ្រប់គ្រងបាល់ ចង់ការពារ និងវាយបកឱ្យបានលឿន។ អ្នកត្រូវការកីឡាករដែលអាចបង្កើតចន្លោះដោយការរត់ចលនា ហើយ Cristiano គឺជាម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងការធ្វើរឿងនេះ»។ «គាត់បានលះបង់សម្រាប់ជម្រើសជាតិអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅតែចង់អភិវឌ្ឍខ្លួនដើម្បីជួយក្រុម។ គាត់គឺជាគំរូដ៏ល្អសម្រាប់កីឡាករទាំងអស់»។

បន្ទាប់ពីកូឡុំប៊ីយកឈ្នះអ៊ូសបេគីស្ថាន 3-1 ក្នុងការប្រកួតដំបូង និងឈរនៅកំពូលពូល K នោះ Martinez បានសង្កត់ធ្ងន់ថា ព័រទុយហ្គាល់ដឹងច្បាស់ថា ជ័យជម្នះក្នុងការប្រកួតនេះមានសារៈសំខាន់ខ្លាំង ដើម្បីបន្តប្រជែងកៅអីទៅវគ្គ 32 ក្រុមចុងក្រោយ។

...

លោកបានបញ្ចប់ថា៖«យើងទាំងអស់គ្នាមានអារម្មណ៍ខកចិត្តចំពោះលទ្ធផលមុន។ ប៉ុន្តែខ្ញុំជឿជាក់ថា ក្រុមរបស់យើងនឹងត្រៀមខ្លួនរួចរាល់ និងបង្ហាញសមត្ថភាពបានពេញ 90 នាទីនៅកម្រិតដែលយើងចង់បាន»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print