ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីចេញពីកម្មវិធីខួបកំណេីតមិត្តភក្តិស្រវឹងហេីយបានបេីករថយន្តលឿនបុករះរ៉ឺម៉កនិងម៉ូតូបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២៦ នៅមុខរោងចក្រកាត់ដេរមួយកន្លែងតាមបណ្តោយផ្លូវ 58P ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AZ-4139 ធ្វេីដំណេីរតាមបណ្តោយផ្លូវ 58Pក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករ៉ឺម៉កលក់ម្ជូរ រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយហេតុការណ៍ភ្លាមៗបងប្អូនប្រជាពលរដ្ឋបាននាំគ្នាឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងរ៉ឺម៉កសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ










