កាណាដាបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចឆ្លងទៅវគ្គជម្រុះចាញ់ធ្លាក់ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនតែបាត់ឱកាសលេងក្នុងទឹកដី

ចែករំលែក៖

ក្រុមជម្រើសជាតិ ស្វីស បានកក់កៅអីទៅកាន់វគ្គ 32 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ជាផ្លូវការ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះរួម កាណាដា ក្នុងលទ្ធផល 2-1 និងបញ្ចប់នៅកំពូលតារាងពូល B។

គ្រាប់បាល់ពី Ruben Vargas និង Johan Manzambi នៅដើមតង់ទី២ បានជួយឲ្យស្វីសទទួលបានជ័យជម្នះដ៏សំខាន់នៅទីក្រុង Vancouver។ លទ្ធផលនេះធ្វើឲ្យស្វីសក្លាយជាប្រទេសទី៣ បន្ទាប់ពីអាហ្សង់ទីន និងបារាំង ដែលអាចឆ្លងផុតវគ្គចែកពូលទៅវគ្គជម្រុះចាញ់ធ្លាក់ក្នុងការប្រកួត World Cup ៤ លើកជាប់ៗគ្នា។

ស្វីសនឹងត្រូវជួបក្រុមលេខ៣មួយពីពូល E, F, G, H, I ឬ J នៅវគ្គ 32 ក្រុមចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 3 ខែកក្កដា។

ទោះបីជាចាញ់ក៏ដោយ កាណាដាបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចឆ្លងទៅវគ្គជម្រុះ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ពូល B។ ក្រុមរបស់លោក Jesse Marsch ធ្លាប់ស្មើបូស្ន៊ី និងហឺហ្សេហ្គូវីណា 1-1 និងបានលត់កាតារ 6-0 ក្នុងការប្រកួតមុន។

ដោយមិនអាចឈ្នះតំណែងកំពូលតារាងបាន កាណាដាក៏បាត់បង់អត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ផ្ទះផងដែរ ហើយការប្រកួតបន្ទាប់របស់ពួកគេនឹងធ្វើឡើងនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិកនាថ្ងៃទី 28 ខែមិថុនា ទល់នឹងក្រុមលេខ២ ពូល A។

ក្នុងតង់ទី១ ដែលមានឱកាសស៊ុតតិចតួច ស្វីសជាក្រុមដែលគំរាមកំហែងបានច្រើនជាងគេ ដោយ Breel Embolo មានឱកាសស៊ុតក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែត្រូវបានអ្នកចាំទី Maxime Crepeau សង្គ្រោះបានយ៉ាងល្អ។

ចូលដល់តង់ទី២ ស្វីសបើកការនាំមុខភ្លាមៗនៅនាទីទី46 នៅពេល Manzambi បញ្ជូនបាល់ទៅកាន់ Vargas ដែលបញ្ចប់ទីបានយ៉ាងស្រស់ស្អាត ស៊ុតបញ្ចូលទីគ្រាប់ទី២របស់ខ្លួនក្នុងការប្រកួត World Cup លើកនេះ។
១១នាទីក្រោយមក Manzambi ក៏រកបានគ្រាប់បាល់ទី២សម្រាប់ស្វីស បន្ទាប់ពីទទួលបានការបង្កើតឱកាសយ៉ាងល្អពី Embolo។

កាណាដាបានវាយបកបានមួយគ្រាប់នៅនាទីទី76 តាមរយៈកីឡាករបម្រុង Promise David ដែលទើបចូលលេងបានត្រឹម 76 វិនាទីប៉ុណ្ណោះ ប៉ុន្តែមិនអាចជួយក្រុមតាមស្មើបានឡើយ។

ជ័យជម្នះនេះធ្វើឲ្យស្វីសបញ្ចប់ជាក្រុមលេខ១ពូល B ខណៈកាណាដាបន្តដំណើរទៅវគ្គបន្ទាប់ក្នុងនាមជាក្រុមលេខ២ និងបន្តសរសេរប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់របស់ខ្លួន។

ចំណែកបូស្នៀ និងហឺហ្សេហ្គោវីណា បានរក្សាក្តីសង្ឃឹម World Cup របស់ពួកគេឱ្យនៅមានជីវិត ដោយសារគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលពីកីឡាករវ័យជំទង់ Kerim Alajbegovic ដែលបានជួយឱ្យពួកគេឆ្ពោះទៅរកជ័យជម្នះដ៏តានតឹង 3-1 លើប្រទេសកាតានៅថ្ងៃជាមួយគ្នានិងទទួលបានចំណាត់ថ្នាក់លេខ 3 ក្នុងពូល B៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print