គ្រូបង្វឹកក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក លោក Mauricio Pochettino បានបញ្ជាក់ថា លោកនឹងមិនដាក់កីឡាករ 4 រូបដែលកំពុងមានកាតលឿងឱ្យចូលលេងជម្រើសដំបូង ក្នុងការប្រកួត World Cup ពូល D ទល់នឹង ទួរគី នៅថ្ងៃព្រហស្បតិ៍នេះឡើយ។
ក្រុមអាមេរិកបានកក់កៅអីជាក្រុមលេខ១ក្នុងពូលរួចជាស្រេច ខណៈទួរគីក៏បានធ្លាក់ចេញពីការប្រកួតរួចហើយ។ ទោះជាយ៉ាងណា លោក Pochettino បានបញ្ជាក់ថា ក្រុមរបស់លោកនៅតែចង់ឈ្នះការប្រកួតនេះ។
លោកបាននិយាយថា៖ «យើងបានឡើងទៅវគ្គបន្ទាប់រួចហើយ ប៉ុន្តែយើងនៅតែចង់ឈ្នះ។ កីឡាករដែលចូលលេងត្រូវតែមានចិត្តប្រយុទ្ធ និងបង្ហាញការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»។
កីឡាករ 4 រូបដែលកំពុងជាប់កាតលឿង និងទំនងជាមិនត្រូវបានដាក់ឱ្យចូលលេងពីដំបូងរួមមាន៖Chris Richards (ខ្សែការពារ),
Antonee Robinson (ខ្សែការពារស្លាប), Tyler Adams (ខ្សែបម្រើ)
និង Folarin Balogun (ខ្សែប្រយុទ្ធ)។
ការសម្រេចចិត្តនេះគឺដើម្បីជៀសវាងហានិភ័យទទួលបានកាតលឿងបន្ថែម ដែលអាចធ្វើឱ្យពួកគេខកខានការប្រកួតវគ្គជម្រុះ។ លើសពីនេះ ការមានកាតលឿងក៏អាចធ្វើឱ្យកីឡាករលេងដោយប្រុងប្រយ័ត្នខ្លាំងពេក និងប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេផងដែរ។
ចំណែកប្រធានក្រុម Christian Pulisic ដែលកំពុងមានបញ្ហារបួសសាច់ដុំកំភួនជើង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យលេងវិញហើយ ប៉ុន្តែលោក Pochettino និងក្រុមការងារវេជ្ជសាស្ត្រនៅមិនទាន់សម្រេចថា នឹងដាក់គេចូលលេងពីដំបូង ឬទុកជាកីឡាករបម្រុងនៅឡើយទេ។
ចំណែក គ្រូបង្វឹកទួរគី លោក Vincenzo Montella បានបង្ហាញការប្តេជ្ញាចិត្តក្នុងការស្វែងរកជ័យជម្នះ ទោះបីជាក្រុមរបស់លោកបានចាញ់ទាំងពីរប្រកួតកន្លងមក និងអស់ឱកាសឡើងវគ្គបន្ទាប់ក៏ដោយ។
លោក Pochettino ក៏បានព្រមានថា ទួរគីនឹងលេងដោយមោទនភាពជាតិ និងចង់បង្ហាញសមត្ថភាពរបស់ខ្លួន។
«វាជាឱកាសសម្រាប់ពួកគេក្នុងការលេងដើម្បីមោទនភាព ប្រទេសជាតិ និងទង់ជាតិរបស់ពួកគេ»។
ជាមួយគ្នានេះ លោក Pochettino បានសរសើរពីការគាំទ្រយ៉ាងខ្លាំងរបស់ប្រជាជនអាមេរិក ដែលកំពុងធ្វើឱ្យក្រុមជម្រើសជាតិទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធ្លាប់មានពីមុនមក។
លោកបានបញ្ជាក់ថា បរិយាកាសគាំទ្របច្ចុប្បន្នមានភាពខុសគ្នា «ដូចថ្ងៃ និងយប់» បើប្រៀបធៀបទៅនឹងមុនពេលការប្រកួត World Cup ៕










