រដ្ឋមន្រ្តីក្រសួងរ៉ែ កែវ​ រតនៈ​ ណែនាំដល់សមាគមថ្មអារកម្ពុជា ​ធ្វើអាជីវកម្មក្នុងរបៀបឈ្នះៗទាំងអស់គ្នា​ ខណៈ​ក្រសួងនឹងមិនផ្តល់អាជ្ញាបណ្ណថ្មីទៀតឡើយ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ​ រតនៈ បានណែនាំដល់សមាគមថ្មអារកម្ពុជា ​​ត្រូវធ្វើអាជីវកម្មថ្មអារក្នុងរបៀបឈ្នះៗទាំងអស់គ្នា ដើម្បីជួយជំរុញការរីកចម្រើនវិស័យថ្មអារ​ បង្កើតការងារជូនពលរដ្ឋ និងបង្កើនចំណូលជាតិ។

​លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា សមាគម​ត្រូវ​ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីជំរុញឱ្យធ្វើឱ្យការធ្វើអាជីវកម្មថ្មអារនេះ ក្លាយទៅជារបៀបឈ្នះឈ្នះទាំងអស់គ្នា ​តាមរយៈការប្រឹងប្រែងរកចំណូល រកទីផ្សារ ហើយមកបង្កើតការងារឱ្យបានច្រើនជូនប្រជាពលរដ្ឋខ្មែរ។​ លើសពីនេះទៅលើទៀត ការធ្វើអាជីវកម្មនេះ ត្រូវគោរពឱ្យបាននូវបទដ្ឋាន បរិស្ថាន​ ត្រូវការពារបែបបទក្រមសុវត្ថិភាពក្នុងការធ្វើការ និងកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ កម្មការិនីខ្មែរដែលធ្វើការងារនេះ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី​ កែវ​ រតនៈ​ ក៏បានលើកទឹកចិត្តដល់សមាជិកសមាគម​ ដែលរកស៊ីក្នុងវិស័យនេះ ត្រូវបំពេញកាតព្វកិច្ចពន្ធដារ ពន្ធអាករ និងសួយសារឱ្យបានត្រឹមត្រូវ ខណៈរដ្ឋាភិបាលបានត្រៀមប្រើប្រាស់គោលនយោបាយផ្សេងៗ ដើម្បីជួយដល់វិស័យនេះផងដែរ។

ជាមួយគ្នានេះ​ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ក្រសួងនឹងមិនពង្រីកការផ្តល់អាជ្ញាប​ណ្ណថ្មអារថ្មី​បន្ថែមទៀតឡើយ ព្រោះក្រសួងចង់ឱ្យសមាគមប្រើប្រាស់ធនធាននៅចំពោះមុខ ឱ្យអស់សក្តានុពល ប្រសិនបើផ្តល់អាជ្ញាបណ្ណដល់អ្នកថ្មី អាចនឹងធ្វើឱ្យការធ្វើអាជីវកម្ម ក្នុងការវិស័យនេះជួបបញ្ហាប្រឈមទាំងអស់គ្នា។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំគិតថាក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ប្រសិនបើយើងប្រឹងទាំងអស់គ្នា យើងអាចស្តារ អាចកសាងសមត្ថភាពរបស់សមាគមឱ្យកាន់តែរឹងមាំ រឹងមាំទាំងផ្នែក ការគ្រប់គ្រងអាជីវកម្ម រឹងមាំទាំងផ្នែកការរកទីផ្សារ ហើយរឹងមាំទាំងការធ្វើពិពិធកម្មនៃផលិតផលរបស់យើង»៕ដោយ៖តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print