ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងឈានដល់ការបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ២ទីតាំងគឺផ្ទះល្វែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង បានចុះស្រាវជ្រាវ និងបង្រ្កាប ពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំងគឺផ្ទះល្វែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។
ជាលទ្ធផល ក្រុមការងារបានរកឃើញករណីពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផ្ទះល្វែង មានមនុស្សទាំងអស់សរុប ចំនួន ៨នាក់ ស្រី១នាក់ មានចំនួន ២សញ្ជាតិ ។ *ទីតាំងទី១ វត្ថុតាងមាន ទូរស័ព្ទដៃចម្រុះចំនួន ២៧ គ្រឿង កុំព្យូទ័រលើតុ ១៥គ្រឿង ធុង CPU ១គ្រឿង និងម៉ូនីទ័រ ១គ្រឿង * ទីតាំងទី២ មានកុំព្យូទ័រយួរដៃ ១ គ្រឿង កុំព្យូទ័រលើតុ ៩ គ្រឿង ម៉ូនីទ័រ ៣៣គ្រឿង សឺវីសថេស ចំនួន២០ ដុំ។ និងរថយន្ត ១គ្រឿង ស្លាកលេខ 2CG 9766 ពណ៌ខ្មៅ។
ចំពោះមនុស្ស និងសម្ភារត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តស្វាយរៀងដើម្បីធ្វើនីតិវិធីបន្តតាមច្បាប់។










