អេក្វាឌ័រ វាយបកផ្តួលអាល្លឺម៉ង់ ឡើងវគ្គ 32 ក្រុមចុងក្រោយ World Cup ទាំងរំភើប

ចែករំលែក៖

ក្រុមជម្រើសជាតិ អេក្វាឌ័រ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយវាយបកយកឈ្នះ អាល្លឺម៉ង់ ក្នុងលទ្ធផល 2-1 នៅកីឡដ្ឋានរដ្ឋ New Jersey សហរដ្ឋអាមេរិក ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ 32 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026។

មុនការប្រកួតនេះ អេក្វាឌ័រមិនទាន់រកបានមួយគ្រាប់សោះក្នុងពីរប្រកួតដំបូង ដោយស្មើជាមួយ កូរ៉ាសាវ (Curacao) និងចាញ់ កូតឌីវ័រ។ ប៉ុន្តែពួកគេបានបង្ហាញទម្រង់លេងដ៏ល្អ និងទាញយកប្រយោជន៍ពីការលេងមិនសូវល្អរបស់អាល្លឺម៉ង់ ដែលបានធានាកំពូលពូល E រួចទៅហើយ។

អាល្លឺម៉ង់បានបើកការនាំមុខតាំងពីនាទីទី២ តាមរយៈខ្សែប្រយុទ្ធ Leroy Sané ដែលទទួលបាល់ពី Florian Wirtz មុនស៊ុតយ៉ាងច្បាស់ផុតដៃអ្នកចាំទី Hernán Galíndez។

ទោះជាយ៉ាងណា កីឡាករអេក្វាឌ័របានតវ៉ាយ៉ាងខ្លាំង ដោយអះអាងថា ពួកគេគួរតែទទួលបានបាល់ហ្វ្រីឃីក បន្ទាប់ពី Aleksandar Pavlović លើកជើងខ្ពស់ប៉ះ Pedro Vite ប៉ុន្តែអាជ្ញាកណ្ដាលមិនបានផ្តល់ការផាកពិន័យឡើយ។

ការសម្រេចចិត្តនេះបានជំរុញឱ្យអេក្វាឌ័របង្កើនសម្ពាធ និងនៅនាទីទី៩ Nilson Angulo របស់ក្លិប Sunderland បានស៊ុតបាល់ទាបផុតដៃ Manuel Neuer តាមស្មើ 1-1 ចំពេលអ្នកគាំទ្រអាវពណ៌លឿងរាប់ម៉ឺននាក់ស្រែកអបអរសាទរ។

នៅតង់ទី២ អេក្វាឌ័របន្តដាក់សម្ពាធរហូតទទួលបានគ្រាប់ជ័យជម្នះនៅនាទីទី៧៧ ដោយ Gonzalo Plata ប្រតិកម្មបានលឿនជាង Neuer ក្នុងស្ថានភាពបាល់ជ្រុង និងបញ្ជូនបាល់ចូលទី ធ្វើឱ្យអ្នកគាំទ្រផ្ទុះក្ដីរំភើបយ៉ាងខ្លាំង។

ជ័យជម្នះនេះបានជួយឱ្យអេក្វាឌ័រ ឡើងទៅកាន់វគ្គ 32 ក្រុមចុងក្រោយ និងអាចនឹងត្រូវជួបក្រុមជម្រើសជាតិ អង់គ្លេស នៅវគ្គបន្ទាប់។

លទ្ធផលនេះក៏ជាដំណឹងមិនល្អសម្រាប់ ស្កុតឡែន ផងដែរ ដោយវាបានកាត់បន្ថយឱកាសរបស់ពួកគេក្នុងការឡើងទៅវគ្គបន្ទាប់ ក្នុងនាមជាក្រុមលេខបីល្អ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print