ក្លិប Manchester City បានឈានដល់កិច្ចព្រមព្រៀងជាមួយ Nottingham Forest ក្នុងការផ្ទេរខ្សែបម្រើជម្រើសជាតិអង់គ្លេស Elliot Anderson ក្នុងតម្លៃ ១១៦ លានផោន (ប្រមាណ ១៥៣ លានដុល្លារ) ដែលជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិប នេះបើយោងតាមសេចក្តីរាយការណ៍របស់ BBC។
ប្រសិនបើការផ្ទេរនេះត្រូវបានបញ្ចប់ជាផ្លូវការ Anderson វ័យ ២៣ ឆ្នាំ នឹងក្លាយជាកីឡាករថ្លៃបំផុតរបស់ Manchester City ដោយបំបែកកំណត់ត្រាចាស់ ១០០ លានផោន ដែលក្លិបបានចំណាយទិញ Jack Grealish កាលពីឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ វាក៏នឹងក្លាយជាការលក់កីឡាករដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Nottingham Forest ផងដែរ។
បច្ចុប្បន្ន Anderson កំពុងជួយក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ 2026 FIFA World Cup ដោយបានចូលលេងជាជម្រើសដំបូងទាំងពីរប្រកួត គឺជ័យជម្នះ ៤-២ លើក្រូអាត និងស្មើ ០-០ ជាមួយហ្គាណា។
អង់គ្លេស ដែលកំពុងឈរកំពូលពូល L នឹងត្រូវជួបប៉ាណាម៉ា នៅទីក្រុង New Jersey នាថ្ងៃសៅរ៍ខាងមុខ។
Anderson គឺជាផលិតផលពីថ្នាលយុវជនរបស់ Newcastle United F.C. មុនផ្ទេរទៅ Nottingham Forest ក្នុងតម្លៃ ៣៥ លានផោន កាលពីឆ្នាំ ២០២៤។ ចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួន ៩២ ប្រកួត ស៊ុតបញ្ចូលទី ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ១១ លើក។
សម្រាប់ Manchester City ការផ្ទេរនេះក៏ជាការចាប់ផ្តើមសម័យថ្មីរបស់ក្លិប ក្រោយការចាកចេញរបស់ Pep Guardiola បន្ទាប់ពីដឹកនាំក្រុមអស់រយៈពេលមួយទសវត្សរ៍ និងទទួលបានជោគជ័យដ៏ច្រើន៕










