លោក ប៊ុន ហ៊ាន ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅខេត្តកំពង់ធំ ។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានរាយការណ៍ជូនលោករដ្ឋលេខាធិការថា នាពេលនេះ ស្ថានភាពទឹក សម្រាប់បម្រើឲ្យការងារបង្កបង្កើនផលនៅក្នុងខេត្តកំពង់ធំ ពុំមានបញ្ហាចោទនោះទេ ។ នៅក្នុងខែកញ្ញា នេះ ភ្លៀងបានចាប់ធ្លាក់ច្រើន និងរាយប៉ាយទូទាំងខេត្ត ឯទឹកស្ទឹងសែន ក៏បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យតំបន់មួយចំនួនរងការលិចលង់ និងមួយចំនួនទៀតកំពុងប្រឈមនឹងការលិចលង់ ។

ចំពោះការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នេះ សម្រេចបានលើផ្ទៃដី ចំនួន ២១៥.២៧៧ ហិកតា (តួលេខក្រៅផ្លូវការ) ស្មើនឹង ១០០,៩៣ ភាគរយ នៃផែនការ ដោយក្នុងនោះស្រូវបង្កើនរដូវសរុប ចំនួន ១២.០០០ ហិកតា ត្រូវបានបងប្អូនប្រជាកសិករប្រមូលផលរួចរាល់ហើយ ជាមួយនឹងទិន្នផលទទួលបានយ៉ាងល្អប្រសើរ ។

នៅក្នុងឱកាសចុះពិនិត្យការងារនោះ លោករដ្ឋលេខាធិការ បានណែនាំដល់មន្ទីរ ឲ្យបន្តយកចិត្តទុកដាក់តាមដានជាប្រចាំនូវស្ថានភាពទឹកស្ទឹងសែនដែលកំពុងជន់ឡើងជាបន្តបន្ទាប់ និងត្រៀមលក្ខណៈឲ្យបានរួចជាស្រេចក្នុងការអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ។ នៅពេលទឹកចាប់ស្រកចុះវិញនាពេលខាងមុខ ត្រូវចាត់វិធានការឲ្យបានទាន់ពេលវេលា ក្នុងការវេចខ្ចប់ទឹកទុកនៅតាមបណ្តាអាងទឹក ព្រែក និងបឹងបួធម្មជាតិនានា សម្រាប់ផ្គត់ផ្គង់ឲ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ៕

1 2 3 4 5 6 7 8 9 10

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print