គ្រូបង្វឹកក្រុមជម្រើសជាតិសេណេហ្គាល់ Pape Thiaw បានអំពាវនាវឱ្យកូនក្រុមរបស់លោកប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រែស្ថានការណ៍ឱ្យល្អឡើងវិញ នៅពេលត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល ព្រឹត្តិការណ៍ 2026 FIFA World Cup ។
សេណេហ្គាល់កំពុងស្ថិតក្នុងស្ថានភាពលំបាក បន្ទាប់ពីបរាជ័យទាំងពីរប្រកួតដំបូង គឺចាញ់បារាំង ៣-១ និងចាញ់ន័រវែស ៣-២ ធ្វើឱ្យក្រុមមិនទាន់មានពិន្ទុសោះក្នុងពូល I និងប្រឈមនឹងការធ្លាក់ចេញពីការប្រកួត។
ដើម្បីរក្សាក្តីសង្ឃឹមឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ សេណេហ្គាល់ត្រូវតែយកឈ្នះអ៊ីរ៉ាក់នៅទីក្រុងតូរ៉ុនតូ ហើយរង់ចាំលទ្ធផលពីការប្រកួតផ្សេងទៀតអំណោយផល។
លោក Pape Thiaw បាននិយាយថា៖
«មានការពិភាក្សាជាច្រើន ហើយវាជារឿងធម្មតា ពេលក្រុមចាញ់ពីរប្រកួតជាប់គ្នា ជាពិសេសនៅពេលដែលយើងត្រូវបានគេចាត់ទុកថាជាក្រុមមួយក្នុងចំណោមក្រុមខ្លាំង។»
លោកបន្តថា៖ «ឥឡូវនេះ យើងត្រូវតែប្រែស្ថានការណ៍ឱ្យប្រសើរឡើងវិញ។ នោះមានន័យថា ខ្ញុំត្រូវធ្វើការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រ ខណៈកីឡាករក៏ត្រូវបំពេញតួនាទីរបស់ពួកគេដែរ។ យើងបានត្រៀមខ្លួនរួចហើយ និងនឹងជ្រើសរើសជម្រើសដ៏ល្អបំផុត។»
លោកបានបន្ថែមថា ក្រុមនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ និងបន្តក្តីសង្ឃឹមឡើងវគ្គបន្ទាប់ ទោះបីមិននឹកស្មានថានឹងស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ។
និយាយអំពីអ៊ីរ៉ាក់ លោក Thiaw បានលើកឡើងថា ក្រុមនេះមានវិន័យល្អទាំងបច្ចេកទេស និងយុទ្ធសាស្ត្រ ហើយមានសមត្ថភាពបង្កការលំបាក ជាពិសេសនៅតំបន់ប្រយុទ្ធ។ «ការចាញ់ន័រវែសពិតជាឈឺចាប់ ប៉ុន្តែវាបានផ្តល់កម្លាំងចិត្តកាន់តែខ្លាំងដល់យើង។ ការប្រកួតថ្ងៃសុក្រគឺដូចជាវគ្គផ្តាច់ព្រ័ត្រសម្រាប់ក្រុមទាំងពីរ។ ប្រសិនបើយើងចង់បន្តនៅ World Cup យើងត្រូវតែឈ្នះ ហើយយើងត្រូវការការគាំទ្រពីអ្នកគាំទ្ររបស់យើង។»
អ៊ីរ៉ាក់ប្តេជ្ញាយក ៣ ពិន្ទុ
ខ្សែបម្រើអ៊ីរ៉ាក់ Zaid Ismaeel បានសុំទោសអ្នកគាំទ្រចំពោះកំហុសក្នុងការប្រកួតមុន ហើយប្តេជ្ញាថាក្រុមនឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបានជ័យជម្នះ។
«យើងសូមអភ័យទោសដល់អ្នកគាំទ្រអ៊ីរ៉ាក់ចំពោះកំហុសកន្លងមក។ ព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងសន្យាថាការប្រកួតនេះនឹងក្លាយជាជ័យជម្នះសម្រាប់ប្រជាជនអ៊ីរ៉ាក់ទាំងមូល។»
លោកបានបញ្ជាក់ថា កីឡាករទាំងអស់មានឆន្ទៈរឹងមាំ និងការគាំទ្រពីគ្រូបង្វឹក ក៏ដូចជាអ្នកគាំទ្រដែលបានធ្វើដំណើរមកលើកទឹកចិត្តក្រុមនៅកាណាដា។
ចំពោះសំណួរថា សេណេហ្គាល់មានប្រៀបខាងគ្រាប់បាល់ស៊ុតបញ្ចូលទី នឹងធ្វើឱ្យអ៊ីរ៉ាក់ជួបការលំបាកឬអត់ លោកឆ្លើយថា៖ «អ្វីដែលសំខាន់បំផុតគឺ ៣ ពិន្ទុ។ ប្រសិនបើយើងឈ្នះ យើងនឹងមានឱកាសឡើងវគ្គបន្ទាប់។ មិនថាក្រុមណាជាក្រុមខ្លាំងជាងនោះទេ ទីលានប្រកួតនឹងជាអ្នកសម្រេចលទ្ធផល៕»










