ក្រសួងសុខាភិបាល​ រកឃើញផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអាជីវករទាំងអស់ឱ្យបានជ្រាបថា ដើម្បីពង្រឹងគុណភាពផលិតផលគ្រឿងសម្អាង ដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានទិញសំណាកគ្រឿងសម្អាងមួយចំនួនពីតាម បណ្តាទីផ្សារ បញ្ជូនទៅវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ 

ក្នុងចំណោមផលិតផល គ្រឿងសម្អាង ដែលបានបញ្ជូនទៅវិភាគគុណភាព បានរកឃើញថាផលិតផលគ្រឿងសម្អាងចំនួន ០៤ មានផ្ទុក សារធាតុគីមីបារត (Mercury) និងចំនួន ០១ មានផ្ទុកសារធាតុគីមីបារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា ដែលមានឈ្មោះដូចខាងក្រោម៖

១;​ ឈ្មោះគ្រឿងសម្អាង​ N-QUEEN Glow White Lotion

២;​ OG Cosmetics Anti Acne & Whitening Night Cream

៣;​ KissMe Vitamin Plus Premium Night Cream

៤;​ Bliss Night Cream

៥;​ Na Sar Clarity Advance Night Cream

ក្រសួងសុខាភិបាលកម្ពុជា​ បានបញ្ជាក់ថា​ សារធាតុគីមី បារត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយ តម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ ចំណែកឯសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដាអាចបណ្តាលឱ្យខូចខាតរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និង រលាកស្បែកជាដើម។

ក្រសួងសុខាភិបាល សូមបញ្ជាក់ថាផលិតផលគ្រឿងសម្អាងទាំង ៥មុខខាងលើ ពុំមានលេខប្រវេទន៍ពី ក្រសួងសុខាភិបាលនោះឡើយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនផងដែរថា ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព របស់ឱសថ ឬគ្រឿងសម្អាង ដែលកំពុងចរាចរនៅលើទីផ្សារ ក្រសួងសុខាភិបាល តែងតែទិញឱសថ ផលិតផល បំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាងពីទីផ្សារជាប្រចាំ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពឡើងវិញដោយផ្អែកលើកត្តាហានិភ័យ ទោះបីជាផលិតផលទាំងនោះមានលេខបញ្ជីកា ឬប្រវេទន៍ ឬគ្មានលេខបញ្ជីកា ឬ ប្រវេទន៍ក៏ដោយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមប្រជាពលរដ្ឋ មេត្តាពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវ មានគំរូដូច បានភ្ជាប់ជូនមកជាមួយ។

ដើម្បីចៀសវាងការប្រើប្រាស់គ្រឿងសម្អាង ដែលគ្មានគុណភាពតាមបទដ្ឋានស្តង់ដា ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអាជីវករ សូមមេត្តាប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជីវករ នឹងចូលរួម សហការអនុវត្តតាមសេចក្តីជូន ដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print