Steve Clarke លាលែងពីតំណែងគ្រូបង្វឹកស្កុតឡែន ក្រោយធ្លាក់ពី World Cup 2026

ចែករំលែក៖

លោក Steve Clarke បានសម្រេចចិត្តលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិស្កុតឡែន បន្ទាប់ពីក្រុមត្រូវបានទម្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2026។

សហព័ន្ធបាល់ទាត់ស្កុតឡែន (Scottish FA) បានប្រកាសព័ត៌មាននេះភ្លាមៗ បន្ទាប់ពីក្រូអាស៊ីយកឈ្នះហ្គាណា ២-១ កាលពីថ្ងៃសៅរ៍ ដែលជាលទ្ធផលបញ្ចប់ក្តីសង្ឃឹមរបស់ស្កុតឡែនក្នុងការឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អបំផុត។

ប្រភពពី BBC Scotland បានឱ្យដឹងថា Clarke បានជូនដំណឹងដល់កីឡាកររួចហើយ ខណៈក្រុមកំពុងស្នាក់នៅទីក្រុង Charlotte សហរដ្ឋអាមេរិក។

ការលាលែងនេះកើតឡើងទោះបីលោកទើបតែបន្តកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំ កាលពីមួយខែមុនក៏ដោយ។

ក្នុងវគ្គចែកពូល ស្កុតឡែនបានយកឈ្នះហៃទី ១-០ ក្នុងការប្រកួតដំបូង ប៉ុន្តែបន្តចាញ់ម៉ារ៉ុក ១-០ និងចាញ់ប្រេស៊ីល ៣-០ ដែលធ្វើឱ្យក្រុមមានឱកាសតិចតួចប៉ុណ្ណោះក្នុងការឡើងវគ្គបន្ត មុនត្រូវបញ្ចប់ជាផ្លូវការក្រោយលទ្ធផលរបស់ក្រូអាស៊ី។

Clarke បានថ្លែងថា៖ «អ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍រំជួលចិត្តបំផុតក្នុងការលាចាកនេះ គឺកីឡាកររបស់ខ្ញុំ។ បើគ្មានពួកគេ យើងក៏មិនមានអនុស្សាវរីយ៍ដ៏អស្ចារ្យទាំងអស់ដែលបានបង្កើតរួមគ្នាតាំងពីឆ្នាំ ២០១៩ មកដែរ។» «ពួកគេសមនឹងទទួលបានការកោតសរសើរទាំងអស់ ហើយវាជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំ ដែលបានធ្វើជាគ្រូបង្វឹករបស់ពួកគេ។ សូមអរគុណ និងសូមជូនពរអ្នកស្នងតំណែងរបស់ខ្ញុំឱ្យទទួលបានជោគជ័យ»។

Clarke បានដឹកនាំស្កុតឡែនអស់រយៈពេល ៧ ឆ្នាំ ដោយនាំក្រុមត្រឡប់ទៅកាន់ការប្រកួតធំៗវិញ បន្ទាប់ពីអវត្តមានតាំងពី World Cup ឆ្នាំ ១៩៩៨។ ក្រោមការដឹកនាំរបស់លោក ស្កុតឡែនបានឡើងទៅលេងពានរង្វាន់ Euro ចំនួន ២ លើក និង World Cup ឆ្នាំ ២០២៦។

ទោះជាយ៉ាងណា ក្រុមមិនអាចបង្ហាញទម្រង់លេងល្អនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតធំៗទាំងបីនោះឡើយ ដោយជ័យជម្នះលើហៃទីក្នុង World Cup ឆ្នាំនេះ គឺជាជ័យជម្នះតែមួយគត់របស់ស្កុតឡែនក្នុងការប្រកួតធំៗទាំងនោះ។

នាយកប្រតិបត្តិសហព័ន្ធបាល់ទាត់ស្កុតឡែន លោក Ian Maxwell បានថ្លែងថា៖ «ទោះបីយើងខកចិត្តដែលត្រូវធ្លាក់ត្រឹមវគ្គចែកពូលក៏ដោយ ក៏យើងមិនគួរមើលរំលងការរីកចម្រើនដ៏ច្បាស់លាស់ដែល Steve Clarke បាននាំមកក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនោះទេ។ ពីក្រុមដែលស្ថិតក្នុង Pot 4 មកក្លាយជាក្រុមឈ្នះពូលវគ្គជម្រុះ World Cup គឺជាសមិទ្ធផលដ៏ធំមួយ។»

លោកក៏បានថ្លែងអំណរគុណដល់ Clarke ចំពោះការរួមចំណែកដ៏សំខាន់ និងជឿជាក់ថា អ្នកគាំទ្រស្កុតឡែននឹងនៅតែចងចាំអនុស្សាវរីយ៍ដ៏ល្អដែលលោកបាននាំមកជូនក្រុមជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print