ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ scoopy មួយគ្រឿងចេញពីផ្ទះរួចឡើងលើស្ពានជ្រោយចង្វារទុកម៉ូតូចោលហើយលោតចូលទៅក្នុងទន្លេលេចបាត់កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ខណៈក្រុមគ្រួសារបានជួលប្រជាណេសាទអោយរុករកអស់ជាច្រើនម៉ោងទើបឃើញសព កាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ដដែល នៅចំណុចក្រោមស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក HONG DA SCOOPY ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1LN-7206 ជិះចេញពីផ្ទះឆ្ពោះមកឡើងស្ពានជ្រោយចង្វារ ទិសដៅពីត្បូងទៅជើង ពីរង្វង់មូលគួចកាណុងឆ្ពោះទៅរង្វង់មូលកងព្រហ្មផ្លូវជាតិលេខ៦A ខណះពេលជិះមកដល់ពាក់កណ្តាលស្ពានស្រាប់តែទុកម៉ូតូចោលរួចលោតចុះទៅក្នុងទន្លេលេចបាត់ទៅក្រោម ។ បន្ទាប់មកក្រុមគ្រួសារក៏បានមកដល់ទីតាំងកេីតហេតុ និងបានទាក់ទងទៅខាងប្រជានេសាទអោយជួយរុករករហូតមកដល់វេលាម៉ោង ៦:៣០នាទីយប់ត្រូវនឹងថ្ងៃដដែលក៏រកសពបុរសខាងលើឃើញហើយដាក់តាមទូកយកមកលើកមកលើគោករង់ចាំមន្ត្រីជំនាញចុះមកពិនិត្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញកុសលវិច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើសព។ក្រោយសមត្ថកិច្ចជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ










