ភ្នំពេញ៖ យោងតាមរបាយការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានបណ្ដេញជនជាតិចិនចំនួន ១៧០នាក់ ក្នុងនោះស្រី ៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយរកឃើញថា ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅ ព្រមទាំងប្រកបការងារខុសច្បាប់។
ការបណ្ដេញចេញនេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយបញ្ជូនជនជាតិចិនទាំង ១៧០នាក់ ត្រឡប់ទៅប្រទេសដើមតាមជើងហោះហើរពិសេស តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាផ្នែកមួយនៃការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
អាជ្ញាធរកម្ពុជា បានបញ្ជាក់ថា នឹងបន្តពង្រឹងការបង្ក្រាបរាល់បណ្តាញឧក្រិដ្ឋកម្មអនឡាញ ដោយមិនអនុគ្រោះចំពោះមេខ្លោង អ្នកពាក់ព័ន្ធ និងជនបរទេសដែលល្មើសច្បាប់ឡើយ ព្រមទាំងបន្តសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងលុបបំបាត់បទល្មើសអនឡាញឱ្យមានប្រសិទ្ធភាព៕ជ្រោយពេជ្រ










