គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Julian Nagelsmann បានបញ្ជាក់ថា លោកមិនមានសម្ពាធក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួនឡើយ ខណៈក្រុមរបស់គាត់ត្រៀមប្រកួតជាមួយប៉ារ៉ាហ្គាយ ក្នុងវគ្គ 32 ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 នៅថ្ងៃចន្ទ។
អាល្លឺម៉ង់បានធ្វើដំណើរមកកាន់ការប្រកួតនេះជាមួយកំណត់ត្រាឈ្នះ 9 ប្រកួតជាប់គ្នា មុនពេលបំបាក់កូរ៉ាសាវ 7-1 ក្នុងការប្រកួតបើកឆាកពូល E ហើយបន្តយកឈ្នះកូតឌីវ័រ នៅនាទីចុងក្រោយ ដើម្បីធានាការឈរលេខ១ក្នុងពូល។
ទោះជាយ៉ាងណា ការចាញ់អេក្វាឌ័រ 2-1 ក្នុងប្រកួតចុងក្រោយវគ្គចែកពូល បានបញ្ចប់ការឈ្នះ 11 ប្រកួតជាប់គ្នា និងធ្វើឲ្យអ្នកគាំទ្រចាប់ផ្តើមមានការព្រួយបារម្ភ បើទោះបីជាលទ្ធផលនោះមិនប៉ះពាល់ដល់ការឈរលេខ១ក្នុងពូលក៏ដោយ។
លោក Nagelsmann បាននិយាយថា៖ «អ្វីដែលសំខាន់គឺក្រុម និងភាពជោគជ័យរបស់ក្រុម។ ខ្ញុំមិនមានអ្វីត្រូវបង្ហាញដល់អ្នកណាទេ ក្រៅពីជួយកីឡាកររបស់ខ្ញុំ និងរៀបចំពួកគេឲ្យបានល្អសម្រាប់ការប្រកួត។»
លោកបានបន្ថែមថា៖ «ខ្ញុំមិនគិតថាខ្ញុំមានកាតព្វកិច្ចត្រូវបង្ហាញខ្លួនឯងចំពោះនរណាម្នាក់ឡើយ។»
Nagelsmann ដែលចូលកាន់តំណែងតាំងពីខែកញ្ញា ឆ្នាំ២០២៣ កំពុងដឹកនាំអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ World Cup ជាលើកដំបូង។ ទោះជាយ៉ាងណា លោកក៏ទទួលរងការរិះគន់ផងដែរ ចំពោះការមិនដាក់ខ្សែប្រយុទ្ធ Deniz Undav ជាជម្រើសដំបូង បើទោះបីកីឡាកររូបនេះរកបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន 2 លើក ក្នុងនាមជាកីឡាករបម្រុង។
បន្ថែមពីនេះ លោកក៏ត្រូវបានគេរិះគន់ចំពោះការបន្តជឿជាក់លើកីឡាករមួយចំនួនដែលមិនទាន់បង្ហាញទម្រង់លេងល្អ ដូចជា Jamal Musiala និង Florian Wirtz។
ប៉ារ៉ាហ្គាយសង្ឃឹមបង្កការភ្ញាក់ផ្អើល
នៅម្ខាងវិញ
គ្រូបង្វឹកប៉ារ៉ាហ្គាយ លោក Gustavo Alfaro បាននិយាយថា ក្រុមរបស់លោកនឹងយកបទពិសោធន៍ពីការឈ្នះអាហ្សង់ទីន និងប្រេស៊ីល ក្នុងវគ្គជម្រុះ World Cup មកធ្វើជាកម្លាំងចិត្តសម្រាប់ការប្រកួតជាមួយអាល្លឺម៉ង់។
លោកបានលើកឡើងថា៖ «យើងធ្លាប់ប្រកួតជាមួយអាហ្សង់ទីន និងប្រេស៊ីល ដែលសុទ្ធតែជាក្រុមមានសក្តានុពលឈ្នះជើងឯកពិភពលោក។ វាជាការប្រកួតដ៏លំបាក ប៉ុន្តែយើងអាចធ្វើបាន។»
ប៉ារ៉ាហ្គាយបានវិលត្រឡប់មកលេង World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ បន្ទាប់ពីការតែងតាំងលោក Alfaro ជាគ្រូបង្វឹកនៅឆ្នាំ២០២៤ បានជួយប្រែក្លាយក្រុមពីការចាប់ផ្តើមមិនល្អក្នុងវគ្គជម្រុះ។
នៅ World Cup ឆ្នាំនេះ ពួកគេចាប់ផ្តើមដោយចាញ់សហរដ្ឋអាមេរិក 4-1 ប៉ុន្តែអាចយកឈ្នះទួរគី 1-0 ទោះសល់គ្នាត្រឹម 10 នាក់ និងបញ្ចប់ដោយស្មើអូស្ត្រាលី 0-0 ដែលគ្រប់គ្រាន់សម្រាប់ឡើងមកវគ្គ 32 ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អបំផុតមួយ៕










