ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១២:០៥នាទី(យប់អាធ្រាត) លោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និង លោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ត្រង់ចំណុចស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចម៉ូតូនិងបន្តឃាត់ខ្លួនបានចំនួន០១នាក់ទៀតត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្មកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៦ ត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យខាងលើមានឈ្មោះ :
១- ឈ្មោះ ឃុន ចាន់នុត ហៅ (ឆេះ ) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ។
២ -ឈ្មោះ ឆន វិសាល ហៅ (សា ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
៣ -ឈ្មោះ រិទ្ធ សុវណ្ណប៊ុនលៀប ហៅ( ដេត) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន :
– ដែកសំប៉ែតមុខស្រួច ចំនួន ០២ដើម និងសោរទីបលេខ៨ ចំនួន០១ដើម ។
– ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LE-3537 (បិទតែមក្លែងទៅជា លេខ ភ្នំពេញ 1LE-8587)
– ម៉ូតូម៉ាក ហុងដា ស៊ុបភឺគុប ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា LEAP -6666។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរបន្តនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










